ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការរៀបចំឥណទានឡើងវិញមានទឹកប្រាក់ជិត $៥០០លាន

ភ្នំពេញ៖ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែឧសភា មានអតិថិជន ១៣៧ ១៥៨នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ។ ក្នុងនោះអតិថិជន ១១៨ ១៨២នាក់ ស្មើនឹង ៩០ភាគរយ ត្រូវបានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្រេចធ្វើការរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានជាង ៤៨៨លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០


រដ្ឋាភិបាលឱ្យក្រុមហ៊ុនឯកជននាំចេញមុខទំនិញការពារជំងឺឆ្លងគ្រប់ប្រភេទ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃពុធ ឆ្លើយតបតាមការស្នើសុំរបស់សមាគមរោងចក្រកាត់ដេរ (GMAC) ដោយសម្រេចឱ្យនាំចេញនូវ​មុខទំនិញការពារជំងឺគ្រប់ប្រភេទក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ បើយោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ បច្ចុប្បន្នមានរោងចក្រចំនួន ៧ និងសិប្បកម្មចំនួន ៧មូលដ្ឋាន ដោយមួយចំនួនក្នុងចំណោមនេះកំពុងផលិត​សម្ភារបរិក្ខារការពារជំងឺឆ្លងរួចស្រេចទៅហើយ និងមួយចំនួនទៀតបានសុំចុះបញ្ជីផលិតម៉ាស់ និងសម្លៀកបំពាក់ពេទ្យ។ ប្រសិនបើរោងចក្រ និងសិប្បកម្មទាំងនោះដំណើរការផលិតកម្មព្រមគ្នា នោះកម្ពុជានឹងមានសមត្ថភាពផលិតម៉ាស់ប្រមាណ ១៣៨លាន សម្លៀកបំពាក់ពេទ្យប្រមាណ ២០,៧លាន និងមួកពេទ្យប្រមាណ ៩,៦លាន ក្នុងមួយខែ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០


កម្ពុជារកចំណូលពន្ធបានជាង ១,៤ពាន់លានដុល្លារក្នុងត្រីមាសទី១

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាប្រមូលប្រាក់ចំណូលពន្ធបានប្រមាណ ១,៤ពាន់លានដុល្លារនៅត្រីមាសទី១ ឆ្នាំ២០២០ នេះ កើនជាង ២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានប្រមាណ ១,១ពាន់លានដុល្លារ។ ការកើនឡើងប្រាក់ចំណូលពន្ធនេះ កើតឡើងមុនពេលប្រទេសទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ ដែលបានរំខានដល់តម្រូវការ និងចង្វាក់ផលិតកម្មនៅជុំវិញពិភពលោក។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០


ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មានកំណើនជិត ៥ភាគរយ

ភ្នំពេញ៖ យោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជប៉ុនក្នុងត្រីមាសទី១ ឆ្នាំ២០២០ នេះ សម្រេចបានជាង ៥៨៦លានដុល្លារ កើនឡើង ៤,៩០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះជាការរីករាលដាលនៃវីរុសកូរ៉ូណាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក។ ការនាំចេញរបស់កម្ពុជាមានតម្លៃជាង ៤៧៥លានដុល្លារ អំឡុងពេលនេះ ដោយកើនឡើង ៤,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលរបស់កម្ពុជាមានចំនួនជាង ១១១លានដុល្លារ កើនឡើង ៧ភាគរយ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០


ព្រលានយន្តហោះសៀមរាប នឹងបញ្ចប់ការសាងសង់តាមផែនការ

ភ្នំពេញ៖ ទោះបីការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ក្តី ក៏ផែនការនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីមិនបានផ្លាស់ប្តូរនោះទេ ដោយបានចាប់ផ្តើមការសាងសង់តាំងពីថ្ងៃទី១៥ ខែមីនា ហើយនឹងបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ព្រលានយន្តហោះថ្មីដែលគ្រោងចំណាយប្រាក់ ៨៨០លានដុល្លារនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧៥០ហិកតា នៅស្រុកសូទ្រនិគម ជាយក្រុងសៀមរាប។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០


  • CP GROUP នឹងយក 7-ELEVEN មកទីផ្សារកម្ពុជានៅឆ្នាំ២០២១
  • ការនាំចេញផលិតផលឧស្សាហកម្មមានតម្លៃដល់ជាង $៣,១៣ពាន់លាន
  • ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ មានកំណើនជិត ៥%
  • ការនាំចូលជី និងថ្នាំកសិកម្មកើនជាង ៩ភាគរយ
  • វិស័យទេសចរណ៍រងឥទ្ធិពលខ្លាំងពីវីរុសកូវីដ១៩
  • ការនាំចេញផលដំឡូងមីមានកំណើនតិចតួចនៅក្នុងត្រីមាសទី១
  • ការនាំចេញទឹកមាត់ត្រចៀកកាំជាផ្លូវការទៅប្រទេសចិនអាចពន្យារដល់ឆ្នាំក្រោយ
  • ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនជាង ១៥ ភាគរយក្នុងត្រីមាសទី១
  • ការនាំចេញអង្ករ ៤ខែឆ្នាំនេះ បានជាង ៣០ម៉ឺនតោន ស្មើនឹង $២១០លាន
  • កម្ពុជានឹងបង្កើតថ្នាលទូរស្សន៍ឌីជីថលជាតិឆាប់ៗនេះ