ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
អត្រាអ្នកគ្មានការងារធ្វើនៅអូស្រ្តាលីធ្លាក់មក៦,៨% ខណ:ប្រជាជនប្រមាណ ៤២ ០០០នាក់ក្នុងរដ្ឋVictoria បាត់បង់ការងារ
អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសអូស្រ្តាលីបានធ្លាក់មកត្រឹម៦,៨ភាគរយ ស្របពេលដែលតួលេខថ្មីរបស់ការិយាល័យស្ថិតិនៃប្រទេសអូស្រ្តាលីបានបញ្ជាក់ថា ប្រជាជនប្រមាណ ១១១ ០០០នាក់ ទទួលបានការងារធ្វើ ឬបន្តកាតព្វកិច្ចនៅកន្លែងការងារចាស់របស់ខ្លួនវិញនៅក្នុងខែសីហាកន្លងទៅនេះ។ ទោះបីជាទិន្នន័យនេះគឺជាព័ត៌មានដ៏ល្អមួយសម្រាប់ប្រទេសអូស្រ្តាលីទាំងមូលប្រជាជនប្រមាណ ៤២ ០០០នាក់ នៅក្នុងរដ្ឋ Victoria បានបាត់បង់ការងារដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ។ យោងទៅតាមការព្យាកររបស់សាកលវិទ្យាល័យ Melbourne អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសអូស្ត្រាលីអាចកើនដល់១១,៧ភាគរយ ប្រសិនបើរដ្ឋាភិបាលមិនអនុវត្តកម្មវិធីហិរញ្ញវត្ថុ ដូចជា កម្មវិធី Jobkeeper ជាដើម។ សេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលី កំពុងស្ថិតក្នុងវិបត្តិបន្ទាប់ពីទិន្នន័យរបស់ការិយាល័យស្ថិតិនៃប្រទេសអូស្រ្តាលីបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបចាប់ពីខែមេសាដល់ខែមិថុនាបានធ្លាក់ចុះ ៧ភាគរយ ដែលជាការធ្លាក់ចុះខ្លាំងបំផុតគិតចាប់ពីឆ្នាំ១៩៥៩ កន្លងមក ។
ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០
ប្រាយុធសន្យាផ្តល់ប្រាក់ដល់បុគ្គលិកស្ម័គ្រចិត្តបន្ថែមទៀត បើសិនវីរុសផ្ទុះឡើងវិញ
ទីក្រុងបាំងកក ៖ លោកនាយករដ្ឋមន្រ្តីថៃ លោកប្រាយុធ ចាន-អូចា បានសន្យាកាលពីថ្ងៃចន្ទ ខណ:លោកបានធ្វើជាអធិបតី ក្នុងពិធីមួយដើម្បីផ្តល់ប្រាក់ចំនួន៣៥០០បាត ក្នុងម្នាក់ ជូនដល់បុគ្គលិកស្ម័គ្រចិត្តចំនួន១,០៥លាននាក់ នៅទូទាំងប្រទេស ដែលបានធ្វើការទប់ស្កាត់ ការផ្ទុះវីរុសផ្លូវដង្ហើមកូរ៉ូណា ប្រភេទថ្មីដ៏ចម្លែកនេះ ជាលើកដំបូង ។ ទឹកប្រាក់ចំនួន៣,៦២ពាន់លានបាត នៅក្នុងការប្រគល់ជូនជាពិសេស បានផ្ទេរដោយផ្ទាល់ចូលទៅក្នុងលេខកុងរបស់ពួកគេត្រូវបានជូនក្នុង១ខែ ៥០០បាត ចាប់ពីខែមីនា រហូតដល់ខែកញ្ញានេះ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ ២០២០
កុងស៊ុលវៀតណាមប្រចាំនៅឡាវកំពុងប្រឹងប្រែងស្តារពាណិជ្ជកម្មឡើងវិញ
ក្រុងវៀងចន្ទន៍ ៖ ការិយាល័យពាណិជ្ជកម្មប្រទេសវៀតណាមនៅក្នុងប្រទេសឡាវ បានដាក់នូវវិធានការជាច្រើនដើម្បីគាំទ្រដល់អ្នកនាំចេញវៀតណាម ចំពេលដែលមានការធ្លាក់ចុះចំណូលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆមាសដំបូងឆ្នាំ ២០២០ នេះ។ យោងតាមអគ្គកុងស៊ុលតម្រូវការក្នុងប្រទេសឡាវសម្រាប់ផលិតកម្ម សម្ភារសំណង់ និងផលិតផលប្រើប្រាស់បានធ្លាក់ចុះច្រើនដោយសារផលប៉ះពាល់នៃកូវីដ១៩។ ជាក់ស្តែងទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឡាវក្នុងឆមាសដំបូងឆ្នាំនេះធ្លាក់ចុះ១៤,៦ភាគរយធៀបរយ:ពេលដូចគ្នាក្នុងឆ្នាំមុន ដោយមានតម្លៃ ៤៩១,៧លានដុល្លា។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២០
តៃវ៉ាន់លើកបម្រាបការនាំចូលសាច់ពីអាមេរិកដើម្បីបង្កើនពាណិជ្ជកម្ម
តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានប្រកាសកាលពីសប្តាហ៍កន្លងទៅថា កោះតៃវ៉ាន់នឹងបញ្ឈប់ការរឹតត្បិតដល់ការនាំចូលសាច់គោ និងសាច់ជ្រូកពីអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគី។ បម្រាមលើការនាំចូលសាច់គោ និងសាច់ជ្រូកអាមេរិកជាឧបសគ្គមួយក្នុងចំណោមឧបសគ្គជាច្រើនចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសម្ព័ន្ធមិត្តទាំង២នេះ។ តៃវ៉ាន់នឹងបើកចំហទីផ្សាររបស់ខ្លួនចំពោះសាច់គោអាយុចាស់ជាង៣០ខែរបស់អាមេរិកដែលត្រូវនាំចូល ដោយពីមុនបានហាមឃាត់ដោយសារជំងឺគោបានផ្ទុះឡើងនៅអាមេរិក។ សហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់តៃវ៉ាន់ ដែលមាន១១,៨ភាគរយនៃពាណិជ្ជកម្មសរុបនិង ១២ភាគរយនៃការនាំចូលសរុបតៃវ៉ាន់។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០១ ខែកញ្ញាឆ្នាំ ២០២០
អូស្រ្តាលី សន្យាផ្តល់មូលនិធិដើម្បីជួយប្រទេសក្រីក្រទទួលបានវ៉ាក់សាំងការពារកូវីដ១៩
ក្រុងកង់បេរ៉ា៖ រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រី្តសុខាភិបាលកាលពីថ្ងៃពុធ បានប្រកាសថាប្រទេសអូស្រ្តាលីបានផ្តល់លុយ ៨០លានដុល្លារអូស្ត្រាលី(៥៧,៦លានដុល្លារអាមេរិក)ដល់ក្រុមហ៊ុន Co VAX AMC ជាគំនិតផ្តួចផ្តើមដំបូង ដែលត្រូវបានសម្របសម្រួលដោយសម្ព័ន្ធមិត្តវ៉ាក់សាំងអន្តរជាតិ GAVI។ ប្រទេសអូស្រ្តាលីនឹងជួយធានាឱ្យមានវ៉ាកសាំងការពារជំងឺកូវីដ១៩ សម្រាប់បណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក និងអាស៊ី។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ ២០២០