ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
សេដ្ឋកិច្ចអូស្ត្រាលីកើន ០,៥% នៅក្នុងត្រីមាសចុងក្រោយ
ក្រុងស៊ីដនី៖ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃពុធម្សិលមិញ សេដ្ឋកិច្ចប្រទេសអូស្ត្រាលីបានកើនឡើងបន្តិចបន្តួចលើសអត្រាដែលបានព្យាករទុកប្រមាណ ០,៥ភាគរយ ក្នុងត្រីមាសចុងក្រោយឆ្នាំ២០១៩។ ក្រុមអ្នកសេដ្ឋកិច្ចបានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់អូស្ត្រាលីនឹងមានអត្រាកំណើនច្រើនជាង ០,៣ ទៅ ០,៤ភាគរយ បើទោះបីជាវិនិយោគពាណិជ្ជកម្មត្រូវកាត់ចេញពីវិស័យរុករករ៉ែក៏ដោយ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ ២០២០
ក្រុមហ៊ុនសាំស៊ុងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍន៍តម្លៃ ២២០លានដុល្លារនៅវៀតណាម
ហាណូយ៖ ក្រុមហ៊ុនអេឡិចត្រូនិកឈានមុខគេរបស់កូរ៉េខាងត្បូង Samsung បានចាប់ផ្តើមសាងសង់នូវមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដែលមានតម្លៃប្រមាណជាង ២២០លានដុល្លារអាមេរិកនៅក្នុងប្រទេសវៀតណាម។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនកាលពីថ្ងៃចន្ទទី១ ខែមីនា។
ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ ២០២០
អ៊ីតាលីសន្យាបញ្ចេញប្រាក់ជួយវិស័យរងគ្រោះពីវីរុសថ្មី
ក្រុងរ៉ូម៖ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចប្រទេសអ៊ីតាលី បានសន្យាកាលពីថ្ងៃអាទិត្យថានឹងផ្ដល់ជំនួយបន្ទាន់ដែលមានទឹកប្រាក់ ៣,៦ពាន់លានអឺរ៉ូ (៤ពាន់លានដុល្លារ) ស្មើនឹង ០,២ ភាគរយនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលទៅដល់វិស័យជាច្រើន ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី។ កញ្ចប់ថវិកានេះនឹងត្រូវការការអនុម័តជាចាំបាច់ផងដែរពីសភាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុបដែលមានទីស្នាក់ការក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ ២០២០
GDP ជប៉ុនធ្លាក់ចុះខ្លាំងក្នុងត្រីមាសចុងក្រោយឆ្នាំមុន
ក្រុងតូក្យូ៖ ផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំត្រីមាសចុងក្រោយឆ្នាំ២០១៩ របស់ជប៉ុនបានធ្លាក់ចុះ ១,៦ភាគរយ បើធៀបត្រីមាសទី៣ ក្នុងឆ្នាំដដែល។នេះជាការធ្លាក់ចុះអាក្រក់បំផុតក្នុងរយៈពេលជាង ៥ ឆ្នាំចុងក្រោយនេះ ដោយសារការបង្កើនពន្ធ និងខ្យល់ព្យុះទីហ្វុងដែលបណ្តាលឲ្យមនុស្សមួយចំនួនត្រូវស្លាប់។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២០
សិង្ហបុរីទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចដោយសារវីរុសថ្មី
សិង្ហបុរី៖ សិង្ហបុរីបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះកាលពីថ្ងៃចន្ទ ដោយសារវីរុសកូរ៉ូណាថ្មី ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ និងការធ្វើពាណិជ្ជកម្ម។ សិង្ហបុរីបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២០ របស់ខ្លួនមកនៅចន្លោះពី -០,៥ ដល់ ១,៥ភាគរយ។ ការព្យាករកាលពីខែវិច្ឆិកាបានរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានអត្រាពី ០,៥ភាគរយ ដល់ ២,៥ភាគរយ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២០