ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំធនាគារអាស៊ាននៅខែនេះ
ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសន្និបាតធនាគារអាស៊ានលើកទី២២ និងកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី៤៩ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគារជាមួយបណ្តាញសមាជិក ASEAN។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមពីវិនិយោគិន និងអ្នកក្នុងវិស័យធនាគារជាង ៤០០នាក់។ កិច្ចប្រជុំនេះនឹងត្រូវបានរៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC)។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩
តំបន់ទេសចរណ៍ ២៦កន្លែង ត្រូវបានក្រសួងចាត់ទុកជារមណីយដ្ឋានគំរូ
ភ្នំពេញ៖ តំបន់ទេសចរណ៍ ២៦កន្លែងក្នងចំណោមបញ្ជីឈ្មោះចុងក្រោយទាំង៥៣នៅប្រទេសកម្ពុជា ត្រូវបានក្រសួងទេសចរណ៍សម្រេចផ្តល់ចំណាត់ថ្នាក់ជារមណីយដ្ឋានទេសចរណ៍គំរូក្នុងឆ្នាំ២០១៩។ រមណីយដ្ឋានទេសចរណ៍គំរូទាំង២៦នោះ មាន ៣កន្លែងនៅក្នុងខេត្តកែប និងមណ្ឌលគិរី ២កន្លែង នៅកំពត កំពង់ស្ពឺ កណ្តាល រតនគិរី ចំណែកឯទីតាំងផ្សេងទៀតមាននៅរាជធានីភ្នំពេញ ខេត្តកោះកុង ស្វាយរៀង បាត់ដំបង សៀមរាប ព្រះសីហនុ ពោធិ៍សាត់ ព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម និងខេត្តឧត្តរមានជ័យ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩
ក្រុមហ៊ុន SMART បានរួមចំណែកជិត$៤០០លានដល់សេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ Smart Axiata Co., Ltd ជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា បានរួមចំណែកជិត ៤០០លានដុល្លារដល់សេដ្ឋកិច្ចជាតិកម្ពុជា កាលពីឆ្នាំ២០១៨ ដែលមានចំនួន១,៥% នៃផលិតផលក្នុងស្រុកសរុប។ លើសពីនេះ ក្រុមហ៊ុន Smart បានប្តេជ្ញាចិត្តក្នុងការអនុវត្តគម្រោងដែលជំរុញហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតចល័ត និងការអភិវឌ្ឍធនធានមនុស្ស ដោយប្រើប្រាស់ការរួមចំណែករបស់ខ្លួនជាង ៨,៣លានដុល្លារ ដល់មូលនិធិការបង្កើនសមត្ថភាព និងស្រាវជ្រាវនិងអភិវឌ្ឍន៍។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ ២០១៩
ក្រសួងទេសចរណ៍ដាក់ឱ្យដំណើរការគេហទំព័រទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវ
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានដាក់ឱ្យដំណើរការគេហទំព័រមួយហៅថា ទស្សនាកម្ពុជា (Visit Cambodia) ដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍បន្ថែមទៀតមកកម្ពុជា។ លោក តុប សុភ័ក្ត អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីថ្ងៃអង្គារថា គេហទំព័រ Visit Cambodia គឺកម្មវិធីមួយអាចជួយសម្រួលដល់ភ្ញៀវទេសចរក្នុងការស្វែងរកគោលដៅទេសចរណ៍ ការកក់សណ្ឋាគារ និងអាហារដ្ឋាន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩
តម្លៃស្រូវក្រអូបបង្ហាញពីស្ថិរភាព
ភ្នំពេញ៖ ខណៈការប្រមូលផលស្រូវក្រអូបបានចូលមកដល់ អ្នកនៅក្នុងវិស័យនេះបានឱ្យដឹងថា តម្លៃស្រូវក្រអូបជារួមតាមបណ្តាខេត្តមួយចំនួនបានបង្ហាញពីស្ថិរភាពបើធៀបនឹងឆ្នាំមុន ខណៈអ្នកក្នុងវិស័យស្រូវអង្ករអះអាងថា នេះគ្រាន់តែជាការចាប់ផ្តើមប្រមូលផលដំបូងប៉ុណ្ណោះ។ ស្រូវផ្ការំដូល ដែលជាប្រភេទនៃអង្ករជាប់លេខ១ របស់កម្ពុជា មានតម្លៃចន្លោះពី ១ ១០០ ទៅ ១ ២០០ រៀលក្នុងមួយគីឡូក្រាម ប្រហាក់ប្រហែលនឹងឆ្នាំមុន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩