ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
នូវែលសេឡង់នឹងបញ្ចេញទឹកប្រាក់ $៧,៣ពាន់លាន ជួយដល់សេដ្ឋកិច្ច
ក្រុងវ៉ែលលីងតុន៖ រដ្ឋាភិបាលប្រទេសនូវែលសេឡង់ បានប្រកាសកញ្ចប់ទឹកប្រាក់ ១២,១ពាន់លានដុល្លារនូវែលសេឡង់ (ប្រមាណ ៧,៣ពាន់លានដុល្លារអាមេរិក) កាលពីថ្ងៃអង្គារ ដើម្បីប្រឆាំងទៅនឹងក្តីកង្វល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការរាលដាលវីរុសកូវីឌ១៩។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ ២០២០
ផលិតផលឧស្សាហកម្មចិនធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៣ទសវត្សរ៍
ទីក្រុងប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទថា ផលិតកម្មឧស្សាហកម្មរបស់ប្រទេសចិនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ទសវត្សរ៍ ដោយសារតែការរីករាលដាលវីរុសកូរ៉ូណា បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច។ ផលិតកម្មឧស្សាហកម្មចិនក្នុងខែមករា និងខែកុម្ភៈបានធ្លាក់ចុះ ១៣,៥ភាគរយក្នុងរយៈពេល ២ខែដំបូងឆ្នាំនេះ ដែលបានបង្ហាញភាពអាក្រក់ជាងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ក្នុងចំណោមក្រុមអ្នកវិភាគដែលបានព្យាករការធ្លាក់ចុះ ៣ភាគរយធៀបនឹងឆ្នាំមុន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ ២០២០
កូវីដ ១៩ នឹងធ្វើឱ្យប៉ះពាល់ដល់ឱកាសការងារសម្រាប់ប្រជាជនវ័យក្មេង
ក្រុងហ្សឺណែវ៖ អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃចន្ទថា គ្រប់វិធានការដើម្បីដោះស្រាយវិបត្តិវីរុសកូរ៉ូណាអាចប៉ះពាល់យ៉ាងខ្លាំង ជាពិសេសលើលទ្ធភាពក្នុងការទទួលបានការងារធ្វើរបស់ប្រជាជនវ័យក្មេង ខណៈអត្រាគ្មានការងារធ្វើបាននិងកំពុងកើនឡើងខ្ពស់។ លោក Sangheon Lee ប្រធាននាយកដ្ឋានគោលនយោបាយការងាររបស់អង្គការអន្តរជាតិខាងការងារ (ILO) បានចង្អុលបង្ហាញថា ប្រជាជនវ័យក្មេងភាគច្រើនមានទំនោរទៅរកការងារបណ្ដោះអាសន្ន បត់បែន និងអស្ថិរភាពកាន់តែខ្លាំងដែលជារឿយៗនៅក្នុងវិស័យសេវាកម្មដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការធ្លាក់ចុះតម្រូវការអតិថិជន ខណៈប្រជាជនគេចចេញពីទីកន្លែងសាធារណៈ។ ក្នុងរបាយការណ៍ថ្មីមួយ ទីភ្នាក់ងារការងាររបស់ UN បានប៉ាន់ប្រមាណថា អត្រាគ្មានការងារធ្វើរបស់យុវវ័យលើពិភពលោកបានកើនឡើងខ្លាំងក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះដល់កម្រិតខ្ពស់បំផុត ១៣,៦ ភាគរយកាលពីឆ្នាំមុន។ អង្គការ ILO បានឲ្យដឹងថា ប៉ុន្តែការបារម្ភកាន់តែខ្លាំងគឺថាជាង ១ ភាគ ៥ នៃប្រជាជនមានអាយុពី ១៥ ឆ្នាំដល់ ២៤ ឆ្នាំរបស់ពិភពលោក គឺមិនមានការងារធ្វើ មិនចូលរៀន ឬការបណ្ដុះបណ្ដាលការងារនោះទេ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២០
ជប៉ុនបានអះអាងពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៤
តូក្យូ៖ ជប៉ុនបានអះអាងកាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះច្រើនក្នុងត្រីមាសទី៤ ដោយបង្ហាញពីភាពផុយស្រួយនៃសេដ្ឋកិច្ចរបស់ខ្លួននៅមុនការផ្ទុះឡើងនៃមេរោគកូវីដ ១៩ បានចាប់ផ្តើម ដែលគំរាមដល់ការរីកលូតលាស់របស់ពិភពលោក។ តួលេខកែសម្រួលឡើងវិញដ៏អាប់អួរនេះបាននាំឲ្យអ្នកសេដ្ឋកិច្ចប៉ាន់ប្រមាណថា ជប៉ុនងាកទៅរកការដើរថយក្រោយជាលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១២ ជាមួយការផ្ទុះមេរោគដែលនាំទៅដល់ការនាំចេញធ្លាក់ចុះ។ ផលិតផលក្នុងស្រុកសរុបសម្រាប់ត្រីមាសចុងក្រោយរបស់ប្រទេសនេះដែលត្រូវបានពិនិត្យឡើងវិញមានការធ្លាក់ចុះចំនួន ១,៨ភាគរយ ហើយត្រូវបានគេព្យាករថា បន្តធ្លាក់ចុះបន្ថែមទៀតពី ១,៦ ភាគរយនៅក្នុងខែកុម្ភៈ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ ២០២០
ការនាំចេញរបស់ចិនធ្លាក់ចុះយ៉ាងគំហុកនៅដើមឆ្នាំ២០២០
ក្រុងប៉េកាំង៖ ការនាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងគំហុករយៈពេល ២ ខែដំបូងនៃឆ្នាំនេះដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ ដែលបានបង្ខំឲ្យអាជីវកម្មបញ្ឈប់ប្រតិបត្តិការ រំខានដល់ចង្វាក់ផ្គត់ផ្គង់ក្នុងពិភពលោក។ ការនាំចេញបានធ្លាក់ចុះ ១៧,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ អំឡុងពេលសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកហើយការនាំចូលវិញបានធ្លាក់ចុះ ៤ភាគរយ។ នេះបើយោងតាមទិន្នន័យគយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ ២០២០