ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ធនាគារប្រៃសណីយ៍កម្ពុជា ផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ
ភ្នំពេញ៖ ធនាគារប្រៃសណីយ៍កម្ពុជា អ.ក ទទួលជោគជ័យគួរឱ្យកត់សម្គាល់មួយទៀតកាលពីថ្ងៃចន្ទ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុមួយនេះប្រមូលពន្ធផ្សេងៗ។ ឥឡូវនេះបុគ្គល និងសាជីវកម្ម អាចបង់ពន្ធរបស់ពួកគេដូចជាពន្ធអាករគ្រប់ប្រភេទពន្ធលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយធ្វើដំណើរនៅតាមសាខាផ្សេងៗរបស់ធនាគារ។ នៅក្នុងពិធីដ៏ពិសេសនោះធនាគារបានប្រកាសថាអគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុមួយនេះប្រមូលពន្ធ ខណៈដែលធនាគារមានគោលជំហរល្អនៅលើទីផ្សារដើម្បីដាក់ចេញនូវសេវាកម្មថ្មី។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០៩ ខែកុម្ភ: ឆ្នាំ២០២១
ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអាមេរិក កើនជិត ២៣ ភាគរយ
ភ្នំពេញ៖ ការបន្តអូសបន្លាយពេលជាង ១ ឆ្នាំនៃការឆ្លងរាលដាលជំងឺផ្តាសាយសកលកូវីដ-១៩ មិនបានធ្វើឱ្យការនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកធ្លាក់ចុះទេ ដោយទិន្នន័យបង្ហាញថា រយៈពេល ១២ ខែ ឆ្នាំ ២០២០ ការនាំទំនិញកម្ពុជាទៅអាមេរិកមានតម្លៃជាង ៦,៥ ពាន់លានដុល្លារកើនជិត ២៣ ភាគរយបើធៀបទៅនឹងឆ្នាំ ២០១៩ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃជិត ៧ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យពីការិយាល័យពាណិជ្ជកម្មអាមេរិក។ ទិន្នន័យទើបចេញផ្សាយចុងសប្តាហ៍មុនបង្ហាញថា ចាប់ពីខែមករា ដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២០ កម្ពុជានាំចេញទំនិញទៅទីផ្សារអាមេរិកនៅក្នុងតម្លៃសរុប ៦ ៥៧៧,៧ លានដុល្លារកើន ២២,៧៩ ភាគរយពីចំនួន ៥ ៣៥៦,៨ លានដុល្លារនៅក្នុងឆ្នាំ ២០២០ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មសរុបប្រទេសទាំង ២ មានតម្លៃ ៦ ៩២១,៣ លានដុល្លារ កើន ១៧,៨៩ ភាគរយ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី០៨ ខែកុម្ភ: ឆ្នាំ២០២១
សហគ្រិនស្ត្រី ប្រឈមការទទួលបានហិរញ្ញប្បទានអាជីវកម្មដោយកត្តាច្រើន
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា (NBC) បានថ្លែងថា បញ្ហាកង្វះព័ត៌មានអំពីសេវា និងផលិតផលហិរញ្ញវត្ថុមិនមានលទ្ធភាពក្នុងការបំពេញតាមលក្ខខណ្ឌតម្រូវនានា និងខ្វះការយល់ដឹងផ្នែកហិរញ្ញវត្ថុគឺជាឧបសគ្គចម្បងដែលបានរារាំងសហគ្រិនស្ត្រីក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ។ ការថ្លែងបែបនេះត្រូវធ្វើឡើងដោយលោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាក្នុងវេទិកាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីក្នុងសម័យកាលកូវីដ១៩» ដែលប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រោមកិច្ចសហការរៀបចំដោយធនាគារជាតិនៃកម្ពុជាសហគ្រិនខ្មែរ Swisscontact និង Good Return។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី០៨ ខែកុម្ភ: ឆ្នាំ២០២១
កម្ពុជា-កូរ៉េខាងត្បូង នឹងចុះហត្ថលេខាលើ FTA ទ្វេភាគីនៅពាក់កណ្តាលឆ្នាំនេះ
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េបានប្រកាសរួមគ្នាបញ្ចប់កិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (CKFTA) នៅថ្ងៃពុធបន្ទាប់ពីការចរចា ៣ លើករួចដោយប្រើពេលកន្លះឆ្នាំចាប់ពីខែកក្កដា ឆ្នាំ ២០២០ ដើម្បីបើកផ្លូវឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្លូវការ ដោយរដ្ឋាភិបាលទាំង ២ រំពឹងចុះហត្ថលេខានៅពាក់កណ្តាលឆ្នាំនេះ ដែលជាផ្នែកមួយនៃការពង្រីក ទីផ្សារ និងបង្កើនការនាំចេញ។ កម្ពុជានឹងនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារកូរ៉េក្នុងអត្រាពន្ធសូន្យ។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Yoo Myung-hee រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់កិច្ចចរចានេះនៅថ្ងៃទី ៣ ខែកុម្ភៈ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភ: ឆ្នាំ២០២១
កម្ពុជា រំពឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយ ឥណ្ឌា
ភ្នំពេញ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថាកម្ពុជាអាចចាប់យកទីផ្សាឥណ្ឌា ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត ខណៈដែលទំហំដោះដូរទំនិញនៅទាបនៅឡើយ។ លោក លឹម ហេង ដែលបានទទួលការអញ្ជើញចូលរួមនៅក្នុងពិព័រណ៍ និងកិច្ចប្រជុំកំពូលថែរក្សាសុខភាពឥណ្ឌា និងអាស៊ាន» តាមអនឡាញដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា លោកបានជូនដំណឹងរួចហើយដល់សមាជិករបស់លោកឱ្យចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មជាពិសេសនេះ។ លោកលើកឡើងថា៖ «ខ្ញុំមើលឃើញថា ទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងជាមួយប្រទេសឥណ្ឌា មិនទាន់ធំនៅឡើយទេ ប៉ុន្តែនៅពេលនេះរដ្ឋាភិបាលកំពុងបន្តធ្វើការងារសម្រាប់ការបើកចំហការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសឥណ្ឌា។ ខ្ញុំជឿជាក់ថា សមាជិកជាច្រើននឹងធ្វើជាដៃគូជាមួយក្រុមហ៊ុនរបស់ប្រទេសឥណ្ឌាលើការនាំចូលការផ្គត់ផ្គង់វេជ្ជសាស្ដ្រ និងឱសថនៅទីនេះផងដែរ»។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភ: ឆ្នាំ២០២១