ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនបានបង្ហាញពីប្រតិបត្តិការល្អប្រសើរនៅក្នុងឆ្នាំ ២០២០
ភ្នំពេញ៖ក្រុមហ៊ុនមួយចំនួនដែលចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ប្រតិបត្តិការអាជីវកម្មល្អប្រសើរកាលពីឆ្នាំមុន បើទោះបីភាពតានតឹងនៃសេដ្ឋកិច្ចដែលបានបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ ១៩ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសក្នុងតំបន់ និងពិភពលោករួមទាំងកម្ពុជាក៏ដោយ។ បើយោងតាមឯកសារផ្ញើទៅ CSX កាលពីសប្ដាហ៍មុន ធនាគារអេស៊ីលីដា (ABC) បានរាយការណ៍កំណើនដ៏រឹងមាំជាមួយនឹងប្រាក់ចំណូលសរុបជាង ១៤១,៦៦ លានដុល្លារ គិតត្រឹមចុងខែធ្នូឆ្នាំមុនធៀបនឹងជាង ១២០,៩៨ លានដុល្លារ កាលពីឆ្នាំ ២០១៩ កើនឡើង ១៧,១៧ ភាគរយ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១6 ខែកុម្ភ: ឆ្នាំ២០២១
ការវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា មានទឹកប្រាក់ជិត $៣ ពាន់លាន លើគម្រោង ១៤៤ គិតត្រឹមចុងខែមករា ឆ្នាំនេះ
ភ្នំពេញ៖ ការវិនិយោគដោយផ្ទាល់ពីប្រទេសជប៉ុន មកកម្ពុជាមានទឹកប្រាក់សរុបជិត ៣ ពាន់លានដុល្លារ លើគម្រោងចំនួន ១៤៤ ក្នុងនោះគម្រោងចំនួន ៦៦ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសគិតត្រឹមចុងខែមករា ឆ្នាំ ២០២១។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ សេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលធ្វើនៅទីស្តីការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ឱ្យដឹងថា គិតត្រឹមចុងខែមករា CDC បានចុះបញ្ជីគម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៤៤ ក្នុងទឹកប្រាក់សរុប ២,៧៩ ពាន់លានដុល្លារ ដែលក្នុងនោះចំនួន ៦៦ គម្រោងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយមានទុនវិនិយោគសរុប ៣៤០ លានដុល្លារ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៥ ខែកុម្ភ: ឆ្នាំ២០២១
ទំហំពាណិជ្ជកម្មកម្ពុជា និង EAEU មានតម្លៃជាង ៦៧ លានដុល្លារ
ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីកម្ពុជាជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ក្នុងឆ្នាំ ២០២០ មានតម្លៃជាង ៦៧ លានដុល្លារកើនជាង ១៨ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ នេះបើតាមទិន្នន័យក្រសួងពាណិជ្ជកម្ម។ ទិន្នន័យដែលផ្សព្វផ្សាយកាលពីថ្ងៃទី ៩ ខែកុម្ភៈ បង្ហាញថា ក្នុងឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មកម្ពុជា និង EAEU មានតម្លៃសរុប ៦៧,៣៧ លានដុល្លារ កើនឡើង ១៨,២២ ភាគរយបើធៀបនឹងឆ្នាំ ២០១៩ ដែលមាន ៥៦,៩៨ លានដុល្លារ។ ក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ ៥២,១៩ លានដុល្លារ កើន ០,៧៣ ភាគរយពីចំនួន ៥១,៨១ លានដុល្លារកាលពីឆ្នាំ ២០១៩ និងការនាំទំនិញពី EAEU មកប្រទេសកម្ពុជា មានតម្លៃ ១៥,១៨ លានដុល្លារ កើនឡើង ១៩៣,៥៧ ភាគរយពីចំនួន ៥,១៧ លានដុល្លារ។ EAEU ជាសហព័ន្ធសេដ្ឋកិច្ចដែលតំណាងឱ្យប្លុកប្រទេសចំនួន ៥ រួមមាន រុស្ស៊ី អាមេនី បេឡារុស កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ដែលមានប្រជាជនសរុបជាង ១៨៤ លាននាក់ ក្នុងឆ្នាំ ២០២០ និងមានផលិតផលក្នុងស្រុក GDP សរុបរួមគ្នាប្រមាណ ៤,៧៧ ពាន់ពាន់លានដុល្លារ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១២ ខែកុម្ភ: ឆ្នាំ២០២១
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងសមាជិកអាស៊ានបានកើនជិត ២២,៥% ដល់ជាង $១១ ពាន់លានឆ្នាំ ២០២០
ភ្នំពេញ៖ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តារដ្ឋជាសមាជិកអាស៊ានបានកើនឡើងយ៉ាងខ្លាំងដល់ ១១,៣៣០ ពាន់លានដុល្លារកាលពីឆ្នាំមុន ទោះបីជាការរឹតបន្តឹងជើងហោះហើរ និងការធ្វើដំណើរឆ្លងកាត់ព្រំដែនក៏ដោយ។ យោងតាមទិន្នន័យចុងក្រោយបានពីក្រសួងពាណិជ្ជកម្មកម្ពុជាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ានបានកើនឡើង ២២,៤២ ភាគរយមានចំនួន ១១,៣៣០ ពាន់លានដុល្លារធៀបនឹង ៩,២៥៤ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩។ ការផ្លាស់ប្តូរពាណិជ្ជកម្មភាគច្រើនជាមួយប្រទេសជាប់ព្រំដែនគឺ ថៃ និងវៀតណាម។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភ: ឆ្នាំ២០២១
អ្នកនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិ បារម្ភកាន់តែខ្លាំងការកើនឡើងតម្លៃដឹកជញ្ជូន
ភ្នំពេញ៖ អ្នកនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិបានសម្តែងក្តីកង្វល់កាន់តែខ្លាំងពីការកើនឡើងតម្លៃដឹកជញ្ជូនតាមកប៉ាល់ ដែលនឹងជះឥទ្ធិពលដល់បរិមាណនៃការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ប្រសិននៅបន្តអូសបន្លាយយូរទៅមុខទៀត។ លោក ចាន់ សុខឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ៨ ខែកុម្ភៈថា តម្លៃដឹកជញ្ជូនទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិបានកើនជាបន្តបន្ទាប់ចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ ១៩ មក ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងនោះ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២០ មក។ លោកបានបន្តថា បើតាមការពន្យល់ពីផ្នែកដឹកជញ្ជូនការកើនឡើងតម្លៃពេលនេះគឺបណ្តាលមកពីកង្វះខាតទូកុងតឺន័រផ្ទុកទំនិញ ខណៈបច្ចុប្បន្នទូកុងតឺន័រជាច្រើនត្រូវបានគេប្រមូលយកទៅប្រទេសចិន ដើម្បីផ្ទុកទំនិញនាំចេញទៅទីផ្សារធំៗលើពិភពលោក ពិសេសអាមេរិក។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០៩ ខែកុម្ភ: ឆ្នាំ២០២១