ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ប្រេសិតពាណិជ្ជកម្មអង់គ្លេស សន្យាជួយលើកកម្ពស់វិស័យវិនិយោគ និងធុរកិច្ច
ភ្នំពេញ៖ លោកស្រី Heather Wheeler ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំកម្ពុជា ឡាវ និងវៀតណាមបានថ្លែងអះអាងថាលោកស្រីនឹងខិតខំកៀរគរវិនិយោគិន និងធុរជនអង់គ្លេសសិក្សាអំពីសក្តានុពលរបស់ប្រទេសកម្ពុជា ដើម្បីពង្រីកការវិនិយោគ និងធ្វើជំនួញជាមួយប្រទេសក្នុងតំបន់អាស៊ានមួយនេះឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីទាញយកនូវផលចំណេញពីពន្ធអនុគ្រោះពាណិជ្ជកម្មដែលកម្ពុជាកំពុងទទួលបាន។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍតិចតួចទាំង ៤៦ ផ្សេងទៀតដែលបានទទួលការអនុគ្រោះពាណិជ្ជកម្ម (GSP) ពីចក្រភពអង់គ្លេស បន្ទាប់ពីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសបានប្រកាសផ្តល់ឱ្យកាលពីថ្ងៃ ១៧ ខែ ធ្នូ ឆ្នាំ ២០២០។ អង់គ្លេសជាប្រទេសនាំចូលដ៏ធំបំផុតមួយរបស់កម្ពុជានៅសហគមន៍អឺរ៉ុបដែលមានចំណែកទីផ្សារប្រមាណជា ២៥ ទៅ ៣០ ភាគរយ នៃការនាំចេញសរុបទៅកាន់ទីផ្សារតំបន់មួយនេះ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២២ ខែកុម្ភ: ឆ្នាំ២០២១
កម្ពុជាចង់ឃើញហ្វីលីពីន ប្រឡូកក្នុងវិស័យស្រូវអង្ករ
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យហ្វីលីពីនបណ្តាក់ទុនវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជាដើម្បីផលិត និងនាំចេញទៅកាន់ប្រទេសខ្លួន និងបណ្តាប្រទេសនានានៅលើពិភពលោក។ លោក ហ៊ុន សែន បានស្នើក្នុងជំនួបជាមួយនឹងលោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំនៅកម្ពុជាកាលពីថ្ងៃទី ១៧ កុម្ភៈ នៅទីក្រុងភ្នំពេញ។ លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ហ្វីលីពីនអាចមកដាក់ទុនវិនិយោគនៅកម្ពុជាយើងបានតាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីន»។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភ: ឆ្នាំ២០២១
ពាណិជ្ជកម្មកម្ពុជា-ជប៉ុនធ្លាក់ ប៉ុន្តែសញ្ញាស្ទុះងើបឡើងវិញខ្លាំង
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនធ្លាក់ចុះ ៨,៤៥ ភាគរយ ដែលមានតម្លៃសរុបត្រឹមតែ ២ ០៩៩,៥៧ លានដុល្លារនៅឆ្នាំ ២០២០ ធៀបនឹងឆ្នាំ ២០១៩ ដោយការនាំចេញរបស់កម្ពុជាធ្លាក់តិចជាងជប៉ុននាំមកកម្ពុជា ដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចជាសកល ប៉ុន្តែវិនិយោគិនជប៉ុនបានបង្ហាញនូវសុទិដ្ឋិនិយមចំពោះការងើបឡើងវិញយ៉ាងរហ័សនៃសេដ្ឋកិច្ចកម្ពុជា។ ទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) បានបង្ហាញថាក្នុងរយៈពេល ១ ឆ្នាំកន្លងទៅនេះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារជប៉ុនមានតម្លៃ ១,៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៦,៧ ភាគរយ ខណៈការនាំទំនិញពីជប៉ុនមកកម្ពុជាមានតម្លៃ ៤៨៤,៦៩៩ លានដុល្លារ ធ្លាក់ចុះ ១៣,៨ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភ: ឆ្នាំ២០២១
ការប្រមូលចំណូលពន្ធដារនៅក្នុងខែមករា ធ្លាក់ចុះជាង ៨ ភាគរយ
ភ្នំពេញ៖ ទោះបីការប្រមូលពន្ធពីប្រភពចំណូលសំខាន់ ៣ បានកើនឡើងក៏ប្រាក់ចំណូលសរុបដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានក្នុងខែមករា ឆ្នាំ ២០២១ នេះមិនបង្ហាញសញ្ញាវិជ្ជមាននោះទេ ដោយធ្លាក់ចុះជាង ៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ខណៈបញ្ហានេះអ្នកសេដ្ឋកិច្ចអះអាងថា មានជាប់ទាក់ទងនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអនុគ្រោះពន្ធចំពោះវិស័យមួយចំនួនដែលបន្តរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ១៩។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឱ្យដឹងថា ក្នុងខែមករា អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករ បានសរុបប្រមាណ ២១៧,២ លានដុល្លារ ស្មើនឹង ៩,៦៨ ភាគរយនៃផែនការប្រចាំឆ្នាំ ហើយបើធៀបនឹងចំណូលពន្ធអាករខែមករា ឆ្នាំ ២០២០ ថយចុះប្រមាណ ១៩,០៣ លានដុល្លារស្មើ ៨,០៦ ភាគរយ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៧ ខែកុម្ភ: ឆ្នាំ២០២១
ក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនបានបង្ហាញពីប្រតិបត្តិការល្អប្រសើរនៅក្នុងឆ្នាំ ២០២០
ភ្នំពេញ៖ក្រុមហ៊ុនមួយចំនួនដែលចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ប្រតិបត្តិការអាជីវកម្មល្អប្រសើរកាលពីឆ្នាំមុន បើទោះបីភាពតានតឹងនៃសេដ្ឋកិច្ចដែលបានបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ ១៩ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសក្នុងតំបន់ និងពិភពលោករួមទាំងកម្ពុជាក៏ដោយ។ បើយោងតាមឯកសារផ្ញើទៅ CSX កាលពីសប្ដាហ៍មុន ធនាគារអេស៊ីលីដា (ABC) បានរាយការណ៍កំណើនដ៏រឹងមាំជាមួយនឹងប្រាក់ចំណូលសរុបជាង ១៤១,៦៦ លានដុល្លារ គិតត្រឹមចុងខែធ្នូឆ្នាំមុនធៀបនឹងជាង ១២០,៩៨ លានដុល្លារ កាលពីឆ្នាំ ២០១៩ កើនឡើង ១៧,១៧ ភាគរយ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១6 ខែកុម្ភ: ឆ្នាំ២០២១