ព័ត៌មានសកម្មភាព
ឱកាសការងារជាង ៩០០ កន្លែងទៀតពីក្រុមហ៊ុន ១០ នឹងផ្តល់ជូនក្នុងវេទិកាការងារខែឧសភានេះ
វេទិកាការងារដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលប្រមូលផ្តុំដោយឱកាសការងារ និងព័ត៌មានជ្រើសរើសបុគ្គលិកដ៏ទូលំទូលាយ តាមរយៈកំណើននៃក្រុមហ៊ុន/សហគ្រាសនានាដែលមកប្រើប្រាស់សេវាជ្រើសរើសបុគ្គលិករបស់រដ្ឋមួយនេះ។ ជាក់ស្តែងក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៨ នេះ មានយុវជន និងអ្នកស្វែងរកការងារ ចំនួនជាង២០០០នាក់ ទទួលបានការងារតាមរយៈយន្តការវេទិកាការងាររបស់រដ្ឋាភិបាលនេះរួចមកហើយ។
ដោយឡែកសម្រាប់ខែឧសភា ឆ្នាំ២០១៨ នេះ NEA នឹងរៀបចំវេទិកាការងារនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ខាងមុខ ដែលនឹងនាំយកឱកាសការងារចំនួន ៩២៨ កន្លែង ពីក្រុមហ៊ុនធំៗចំនួន១០ រួមមាន៖ ក្រុមហ៊ុន AEON, Worldbridge, Yummy Food Company, GFG Investment, Opennet, AlmondGroup, Kofi, Emcat, Capture Value និងក្រុមហ៊ុន Ming Wuoy Group។ វេទិកាការងារនេះ នឹងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹក ដល់ ម៉ោង៥ល្ងាច។
លោកស្រី សៀម ង៉ោ ប្រធានគ្រប់គ្រងជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន Ming Wuoy Group បានចាត់ទុកសេវា ជួយស្វែងរកបុគ្គលិករបស់រដ្ឋាភិបាលនេះថាបានរួមចំណែកច្រើនក្នុងការជួយដល់ក្រុមហ៊ុន Ming Wouy ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀតឲ្យឆាប់ទទួលបានបុគ្គលិក ដោយសារវាមានភាពងាយស្រួល មិនគិតកម្រៃ ហើយមានបេក្ខជនដែលមានសមត្ថភាពច្រើន។ លោកស្រីបន្ថែមថា៖ “បច្ចុប្បន្នក្រុមហ៊ុន មីង វួយ មានបុគ្គលិកសរុបជាង១ពាន់នាក់ដែលក្នុងនោះក៏មានជ្រើសចេញពីវេទិកាការងារ ក៏ដូចជាពិព័រណ៍ការងាររបស់ NEA កន្លងមកផងដែរ។ សម្រាប់ថ្ងៃទី១០ខែឧសភាខាងមុខ ក្រុមហ៊ុនមានតម្រូវការបុគ្គលិកចំនួន ១៤៥ នាក់ ដែលភាគច្រើនផ្នែកសេវាកម្ម”។
លោកស្រី បន្ថែមថា សិស្ស/និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើ ដែលចង់បានលទ្ធផលល្អ មិនថាពួកគាត់ចង់ដាក់ពាក្យជាមួយក្រុមហ៊ុន មីង វួយ ឬក្រុមហ៊ុនដទៃទៀតនោះទេ គឺត្រូវរៀបចំប្រវត្តិរូបសង្ខេបឲ្យបានត្រឹមត្រូវ, ស្វែងរកព័ត៌មានអំពីក្រុមហ៊ុន និងមុខតំណែងដែលខ្លួនជ្រើសរើស និង ត្រូវគោរពពេលវេលាជាដើម។
ប្អូនប្រុស ប៉ូ វី និស្សិតសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលទទួលបានការងារធ្វើតាមរយៈវេទិកាការងារកន្លងមកលើកឡើងថា៖ “ថ្ងៃនេះខ្ញុំមកដាក់ពាក្យ ហើយចំពោះលទ្ធផលគឺគេប្រកាសថាជាប់ទៀត។ ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយដែលខ្លួនឯងគ្រាន់តែមកសម្ភាសភ្លាម គឺជាប់តាមអ្វីដែលយើងរំពឹងទុក។ ពេលមិនទាន់ស្គាល់ NEA មិនបានចូលរួមក្នុងវេទិកាការងារ គឺជួបការលំបាកក្នុងការរកស្វែងរកការងារធ្វើ។ ពេលឃើញគេប្រកាសរើសពេលណា គឺខ្ញុំទៅខាងហ្នឹង។ ជួនកាលបានដាក់ពាក្យ ជួនកាលអត់បានដាក់ទេ ដោយទីតាំងឆ្ងាយពេក ពិបាករក។ ហើយពេលខ្លះដាក់ហើយ អត់ជាប់ទៀត។”
សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារបែបនេះរៀងរាល់ខែ។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារអ្វីដែលខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរីនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់របងវិទ្យាស្ថានភាសា បរទេស IFL ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebookneakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ។
By NEA, May 04, 2018 09:05 amព័ត៌មានសកម្មភាពផ្សេងទៀត
- ត្រៀម CV ឲ្យហើយទៅ! ក្រុមហ៊ុនធំៗចំនួន១០ ប្រកាសរើសបុគ្គលិក ជិត១ពាន់នាក់
- បងប្អូនកម្មករនិយោជិតសម្តែងភាពសប្បាយរីករាយក្រោយ ទទួលបានប្រាក់សំណងដែលរដ្ឋាភិបាលផ្តល់ជូន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមយុទ្ធនាការបើក ថវិកាដល់កម្មករនិយោជិតសរុប ២៥៤២ ដែលថៅកែរត់ចោល
- ក្រុមហ៊ុន DKSH ប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ចំនួន ៣១៥ នាក់
- សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជាពួតដៃគ្នាជាមួយក្រសួងការងាររៀបចំ សិក្ខាសាលាហ្វឹកហាត់ (BOOT CAMP)
- ក្រុមហ៊ុនធំចំនួន៦ សហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នាំយកឱកាសការងារជាង៦០០កន្លែង ក្នុងវេទិកាការងារនៅថ្ងៃទី២៩ ខែមីនាខាងមុខនេះ
- ក្នុងខែមីនានេះ ក្រុមហ៊ុនធំៗ១២ ប្រកាសជ្រើសរើសបុគ្គលិកជិត ១៣០០នាក់នៅក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)
- ក្រុមហ៊ុនធំៗ៧ប្រកាសជ្រើសរើសបុគ្គលិក១០៣០នាក់ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារពីរថ្ងៃជាប់គ្នា ២៧-២៨ ខែកុម្ភៈ
- អ្នកស្វែងរកការងារធ្វើប្រមាណ៣០០នាក់ ចុះឈ្មោះស្វែងរកការងារធ្វើជាមួយក្រុមហ៊ុន សាន់ហ្វេង ខេមប៊ូឌា លីមីតធីតតាមរយៈមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង
- តើធ្វើដូចម្តេចបានដឹងថាគួររៀនអ្វីក្រោយប្រលងជាប់ថ្នាក់ទី១២?
- ផ្សារទំនើប AEON Mall និងក្រុមហ៊ុនធំៗ៥ទៀត ប្រកាសជ្រើសរើសបុគ្គលិកសរុបជិត ១០០០នាក់
- អបអរសាទរប្អូនៗទាំង៣៣នាក់ ដែលបានជាប់ការងារជាមួយនឹងក្រុមហ៊ុន គង់ នួនគ្រុប
- ប្រញាប់ឡើងឱកាសការងារចំនួន៨៣កន្លែងទៀតកំពុងរង់ចាំលោកអ្នក!
- ក្នុងខែមករា NEA ជួយស្វែងរកការងារធ្វើដល់ សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើបានចំនួនជាង៥០០នាក់