ព័ត៌មានសកម្មភាព
បងប្អូនកម្មករនិយោជិតសម្តែងភាពសប្បាយរីករាយក្រោយ ទទួលបានប្រាក់សំណងដែលរដ្ឋាភិបាលផ្តល់ជូន
ថ្ងៃនេះជាថ្ងៃទី៣ហើយដែល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកយុទ្ធនាការផ្តល់ថវិកាដល់កម្មករនិយោជិតសរុបចំនួន ២,៥៤២នាក់ ដែលម្ចាស់រោងចក្ររត់ចោលចំនួន៤គឺ៖ ហ្គ្រេតអននើ, អ៊ីហ្វា, ប៊ីណូ, និងជុងហ្វៃ។
ការផ្តល់ថវិកានេះ គឺប្រើប្រាស់ថវិកាបុរេប្រទានរបស់រដ្ឋាភិបាល ដើម្បីសម្រួលដល់ទុក្ខលំបាករបស់ បងប្អូនកម្មករនិយោជិត ការផ្តល់ថវិកានេះទៀតសោត គឺធ្វើឡើងស្របតាមអនុសាសន៍របស់សម្តេច តេជោហ៊ុនសែន ដែលបានសម្រេចផ្តល់ថវិកា សម្រាប់ដោះស្រាយសំណងជូនកម្មករចំនួន ៤,១៤៦នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រចំនួន៩ ដែលថៅកែរត់ចោលដោយមិនបានទូទាត់ ប្រាក់ឈ្នូល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនដល់បងប្អូនកម្មករនិយោជិត។
បងស្រីសូសុខាអតីតកម្មការិនីផ្នែកកាត់ព្រុយនៅរោងចក្រហ្រ្គេតអននើអស់រយៈពេល១៤ឆ្នាំទទួលបានថវិកាចំនូន១,៤០០ដុល្លារបានសម្តែងការសប្បាយរីករាយថា៖“ខ្ញុំសូមអរគុណដល់រដ្ឋាភិបាលដែលបានជួយអន្តរាគមន៍ក្នុងការបើកលុយជូនដល់អតីតកម្មករនៅរោងចក្រហ្រ្គេតអននើដែលថៅកែរត់ចោល។ ពួកខ្ញុំរង់ចាំជិត២ឆ្នាំហើយមកដល់ថ្ងៃនេះ។ អរគុណសមេ្តចតេជោ និងក្រសួងការងារដែលបានជួយពួកខ្ញុំ។”
ដូចគ្នាផងដែរ បង ស្រី គ្រេង ឆេង ជាកម្មការិនីផ្នែកដេរ អស់រយៈពេល២០ឆ្នាំ នៅរោងចក្រ ហ្គ្រេតអននើ មកពីខេត្តកណ្តាលបានសម្តែងអារម្មណ៍សប្បាយរីករាយក្រោយពេលទទួលថវិកាថា៖“ខ្ញុំទទួលបានថវិកាចំនួន ១,៦៤៩ដុល្លារ។ ខ្ញុំមិនដែលនឹកស្មានថាគេដោះស្រាយជូនពួកខ្ញុំទេ ខ្ញុំពិតជាអរគុណសម្តេចហ៊ុនសែន ណាស់ដែលបានដោះស្រាយប្រាក់សំណងដែលថៅកែរោងចក្ររត់ចោលដល់ពួកខ្ញុំព្រោះជិតចូលឆ្នាំថ្មីហើយ បានលុយខ្លះយកទៅស្រុក”។
ចំណែកឯបងស្រី ណឹប ចន្ធី ដែលបានធ្វើការ១៦ឆ្នាំនៅរោងចក្រហ្រ្គេតអននើដែរនោះបានអះអាងថាគាត់ទទួលបានថវិកាសរុប ១,៦៧០ដុល្លារ។ គាត់លើកឡើងថា៖ “ពីមុនខ្ញុំពិបាកចិត្តណាស់មិនដឹងថ្ងៃណាគេបើកលុយឲ្យនោះទេ ព្រោះថៅកែរោងចក្របានរត់បាត់ហើយ។ តែពេលនេះ សំណាងណាស់ដែលរដ្ឋាភិបាលបានជួយ។”
ឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការរងនៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម និង បាតុកម្មនៅគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពន្យល់អំពីការទូទាត់ថវិកាជូនកម្មករនិយោជិតថា៖ “រាជរដ្ឋាភិបាលក៏ដូចជាក្រសួងបានផ្តល់ជូនការទូទាត់លើបីចំណុចគឺ៖ ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំ និងប្រាក់បណ្តេញចេញស្មើនឹងប្រាក់អតីតភាពការងារ របស់ពួកគេ។”
គួរបញ្ជាក់ផងដែរថា ការបែងចែកថវិកាជូនកម្មករនិយោជិតនេះ គឺក្រសួងការងារមានរូបមន្ត គណនាច្បាស់លាស់ដោយត្រូវគិតទៅតាមកិច្ចសន្យាការងារមានថិរវេលាកំណត់ និងកិច្ចសន្យាការងារ មិនមានថិរវេលាមិនកំណត់ ហើយនិងអតីតភាពការងាររបស់ពួកគាត់ម្នាក់ៗ។
ការបើកថវិកាដល់កម្មករនិយោជិតដែលម្ចាស់រោងចក្ររត់ចោលនេះ ជាជំហានដំបូងគឺមាន៤រោងចក្រ ធ្វើឡើងក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃចន្ទ ទី០៩ ខែមេសា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។ សម្រាប់រោងចក្រ៥ទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹងនៅពេលក្រោយទៀត។
ជាមួយគ្នានេះផងដែរ ក្រៅពីការបើកថវិកាជូនបងប្អូនកម្មករនិយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានរៀបចំស្តង់សម្រាប់ចុះឈ្មោះបងប្អូនកម្មករនិយោជិតណាដែលត្រូវការស្វែងរកការងារធ្វើ ចង់ផ្លាស់ប្តូរការងារ ឬក៏ត្រូវការសេវាប្រឹក្សាយោបល់ការងារតាមរយៈសេវាការងាររបស់រដ្ឋាភិបាលដែលផ្តល់ជូនដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ។ រហូតមកដល់ថ្ងៃនេះ មានបងប្អូនដែលបានមកចុះឈ្មោះស្វែងរកការងារជាមួយក្រសួងមានប្រមាណជិត២ពាន់នាក់៕
By NEA, Apr 11, 2018 05:04 amព័ត៌មានសកម្មភាពផ្សេងទៀត
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមយុទ្ធនាការបើក ថវិកាដល់កម្មករនិយោជិតសរុប ២៥៤២ ដែលថៅកែរត់ចោល
- ក្រុមហ៊ុន DKSH ប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ចំនួន ៣១៥ នាក់
- សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជាពួតដៃគ្នាជាមួយក្រសួងការងាររៀបចំ សិក្ខាសាលាហ្វឹកហាត់ (BOOT CAMP)
- ក្រុមហ៊ុនធំចំនួន៦ សហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នាំយកឱកាសការងារជាង៦០០កន្លែង ក្នុងវេទិកាការងារនៅថ្ងៃទី២៩ ខែមីនាខាងមុខនេះ
- ក្នុងខែមីនានេះ ក្រុមហ៊ុនធំៗ១២ ប្រកាសជ្រើសរើសបុគ្គលិកជិត ១៣០០នាក់នៅក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)
- ក្រុមហ៊ុនធំៗ៧ប្រកាសជ្រើសរើសបុគ្គលិក១០៣០នាក់ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារពីរថ្ងៃជាប់គ្នា ២៧-២៨ ខែកុម្ភៈ
- អ្នកស្វែងរកការងារធ្វើប្រមាណ៣០០នាក់ ចុះឈ្មោះស្វែងរកការងារធ្វើជាមួយក្រុមហ៊ុន សាន់ហ្វេង ខេមប៊ូឌា លីមីតធីតតាមរយៈមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង
- តើធ្វើដូចម្តេចបានដឹងថាគួររៀនអ្វីក្រោយប្រលងជាប់ថ្នាក់ទី១២?
- ផ្សារទំនើប AEON Mall និងក្រុមហ៊ុនធំៗ៥ទៀត ប្រកាសជ្រើសរើសបុគ្គលិកសរុបជិត ១០០០នាក់
- អបអរសាទរប្អូនៗទាំង៣៣នាក់ ដែលបានជាប់ការងារជាមួយនឹងក្រុមហ៊ុន គង់ នួនគ្រុប
- ប្រញាប់ឡើងឱកាសការងារចំនួន៨៣កន្លែងទៀតកំពុងរង់ចាំលោកអ្នក!
- ក្នុងខែមករា NEA ជួយស្វែងរកការងារធ្វើដល់ សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើបានចំនួនជាង៥០០នាក់
- NEA រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ការយល់ដឹងពីសមភាពយេនឌ័រ
- ឱកាសការងារជាង ៣០០ កន្លែងត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនធំៗ៤ នៅក្នុងវេទិកាការងារប្រចាំខែរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ