ព័ត៌មានសកម្មភាព

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមយុទ្ធនាការបើក ថវិកាដល់កម្មករនិយោជិតសរុប ២៥៤២ ដែលថៅកែរត់ចោល


ថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមយុទ្ធនាការបើកថវិកាដល់កម្មករនិយោជិត​ដែលម្ចាស់​រោងចក្ររត់ចោលចំនួន៤គឺ៖ហ្គ្រេតអននើអ៊ីហ្វាប៊ីណូ និងជុងហ្វៃ ដែលមានកម្មករ​និយោជិតសរុប​ចំនួន២៥៤២នាក់

បង ស្រី គ្រេង ឆេង ជាកម្មការិនីផ្នែកដេរ អស់រយៈពេល២០ឆ្នាំ នៅរោងចក្រហ្គ្រេតអននើមកពីខេត្ត​កណ្តាលបានសម្តែងអារម្មណ៍សប្បាយរីករាយក្រោយពេលទទួលថវិកាថា៖“ខ្ញុំទទួលបានថវិកាចំនួន ១៦៤៩ដុល្លារ។ ខ្ញុំមិនដែលនឹកស្មានថា​គេដោះស្រាយជូនពួកខ្ញុំទេ ខ្ញុំពិតជាអរគុណសម្តេចហ៊ុនសែន​ណាស់ ដែលបានដោះស្រាយប្រាក់​សំណងដែលថៅកែរោងចក្ររត់ចោលដល់ពួកខ្ញុំព្រោះជិតចូល​ឆ្នាំថ្មីហើយ បានលុយខ្លះយកទៅ​ស្រុក”។

គួរបញ្ជាក់ដែរថា ការបើកថវិកាដល់កម្មករនិយោជិតដែលម្ចាស់​រោងចក្ររត់ចោលនេះ ជាជំហានដំបូង​គឺមាន៤រោងចក្រ ធ្វើឡើងក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃចន្ទ ទី០៩ ខែមេសា នេះរហូតដល់ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។ សម្រាប់រោងចក្រដទៃទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​នឹងជូនដំណឹងនៅពេលក្រោយទៀត។ ការបើកប្រាក់នេះទៀតសោតគឺត្រូវគិតទៅតាមកិច្ចសន្យាការងារ មានថេរវេលាកំណត់ និងកិច្ចសន្យាការងារមិនមានថេរវេលាមិនកំណត់ ហើយនិងអតីតភាពការងារ។

ជាមួយគ្នានេះផងដែរ ក្រៅពីការបើកថវិកាជូនបងប្អូនកម្មករនិយោជិត ទីភ្នាក់ងារ​ជាតិ​មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបើកបេសសកម្មទទួលចុះឈ្មោះស្វែងរកការងារ​សម្រាប់អ្នកដែលមិនទាន់​រកការងារ​បានធ្វើនៅ​ឡើយ នៅតាមទីតាំងដែលពួកគាត់មកទទួលថវិកាពី​ក្រសួង​ការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ៕

By NEA, Apr 09, 2018 10:04 am
ព័ត៌មានសកម្មភាពផ្សេងទៀត