ព័ត៌មានសកម្មភាព

អ្នកស្វែងរកការងារធ្វើប្រមាណ៣០០នាក់ ចុះឈ្មោះស្វែងរកការងារធ្វើជាមួយក្រុមហ៊ុន សាន់ហ្វេង ខេមប៊ូឌា លីមីតធីតតាមរយៈមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង


វេទិកាការងារ និងការជ្រើសរើសកម្លាំងពលកម្ម គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីជួយដល់អ្នកស្វែងរកការងារធ្វើ ជាពិសេសអ្នកទើបបញ្ចប់ការសិក្សាថ្មីៗ និងយុវជនដែលគ្មានការងារធ្វើ ឲ្យយល់ដឹងពីវិធីសាស្ត្រ និងដំណាក់កាលនៃការស្វែងរកការងារធ្វើ ក៏ដូចជាឱកាសការងារដែលកំពុងតែមាននាពេលបច្ចុប្បន្ន។វេទិកានេះ គឺជាវិធីសាស្ត្រដ៏សំខាន់ សម្រាប់ជួយផ្តល់ការណែនាំមួយដ៏ល្អក្នុងការផ្តល់ព័ត៌មានអំពីឱកាសការងារ ព័ត៌មានពីទីផ្សារងារការងារ និងពីតម្រូវការកម្លាំងពលកម្មរបស់ក្រុមហ៊ុនជាដើមដល់អ្នកស្វែងរកការងារធ្វើ ឲ្យឆាប់ទទួលបានការងារធ្វើ។

ដើម្បីជួយដល់អ្នកស្វែងរកការងារធ្វើ ពិសេសដើម្បីជួយកាត់បន្ថយអត្រាគ្មានការងារធ្វើ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិមុខរបរ និងកា​រងារ​នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ និងអជ្ញាធរមូលដ្ឋាន និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុករមាសហែក និងមានការចូលរួមពីរោងចក្រ សាន់ហ្វេង ខេនបូឌា លីមីតធីត បានរៀបចំវេទិកាការងារ និងជ្រើសរើសកម្លាំងពលកម្មនៅសាលាឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានអ្នកចុះឈ្មោះស្វែងរកការងារធ្វើចំនួន ៣០៩នាក់ និងមានអ្នកចូលរួមស្វែងរកការងារធ្វើចំនួន២៩៩ (នាក់ស្រី១៤៣នាក់) ។

លោក ហែម ពុទ្ធិ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ មានបញ្ជាក់ថា យន្តការនៃការផ្សព្វផ្សាយពីឱកាសការងារដល់ប្រជាពលរដ្ឋនូវមូលដ្ឋាននេះ គឺជាផ្នែកមួយនៃការចូលរួមជំរុញឲ្យប្រជាពលរដ្ឋបានដឹងពីទីផ្សារការងារនាពេលបច្ចុប្បន្ន។លោកពុទ្ធិ បន្ថែមថាជារៀ​ង​រាល់ខែ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង ដែលជាស្ថាប័នរបស់រដ្ឋតែងតែចូលរួមធ្វើសកម្មភាពនានាទាក់ទងនិង​វិស័យការងារ ដើម្បីបំផុសឲ្យប្រជាពលរដ្ឋបានចុះឈ្មោះ ស្វែងរកការងារធ្វើនៅក្នុងស្រុកជៀសវាងការធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស។

ប្រធានមជ្ឈមណ្ឌលការងារស្វាយរៀងដដែលបានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្នមានមានក្រុមហ៊ុនឧស្សាហកម្មជាច្រើនកំពុងតែមានវត្តមាននៅលើទឹកដីនៃខេត្តស្វាយរៀងរួចជាស្រេច ហើយនិងមានក្រុមហ៊ុនបរទេសជាច្រើនទៀតកំពុងតែបន្តបង្កើតនៅខេត្តនេះ ដោយសារតែកំណើនក្រុមហ៊ុនមានការកើនឡើង ដូច្នេះតម្រូវការកម្លាំងពលកម្មក៏កំពុងតែមានសន្ទុះកើនឡើងផងដែរទាំងក្រុមហ៊ុនចាស់ៗ និងក្រុមហ៊ុនទើបបង្កើតថ្មី។ដូច្នេះមានក្រុមហ៊ុនជាច្រើនបានទាក់ទងមកមជ្ឈមណ្ឌលការងារឲ្យជួយផ្សព្វផ្សាយពីឱកាសការងារនៅក្រុមហ៊ុនរបស់ពួកគេ។ទាំងនេះលោកពុទ្ធិយល់ឃើញថា ឱកាសការងារនៅខេត្តស្វា​យ​រៀងមានមិនតិចនោះទេ ហើយក៏មិនចាំបាច់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរ ចំណាកស្រុកទៅរកការងារធ្វើនោះដែរ។

សូមជម្រាបថា ក្នុងឆ្នាំ២០១៧កន្លងទៅ ទីភ្នាក់ងារជាតិមុខរបរ និងការងារដែលមានមជ្ឈមណ្ឌលការងារទាំង១១នៅតាមបណ្តាខេត្តជាសេនាធិការបានរៀបចំវេទិកាការងារ និងជ្រើសរើសកម្លាំងពលកម្មនៅតា​ម​តំបន់ផ្សេងៗបានចំនួន៦៩លើក នឹងមានអ្នកចូលរួម ចុះឈ្មោះស្វែងរកការងារចំនួន១០,៥៦៥នាក់​៕

By NEA, Feb 20, 2018 08:02 am
ព័ត៌មានសកម្មភាពផ្សេងទៀត