ព័ត៌មានសកម្មភាព

តើធ្វើដូចម្តេចបានដឹងថាគួររៀនអ្វីក្រោយប្រលងជាប់ថ្នាក់ទី១២?


ការចាប់ជំនាញសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ ដើម្បីឲ្យត្រូវតាមអ្វីដែលពួកគេស្រឡាញ់ សមស្រប​ទៅតាមបុគ្គលិកលក្ខណៈ និងត្រូវតាមតម្រូវការក្នុងទីផ្សារកាងារ គឺជារឿងសំខាន់សម្រាប់ប្អូនៗដែល​កំពុងរៀននៅថ្នាក់វិទ្យាល័យ និងត្រៀមបន្តទៅថ្នាក់មហាវិទ្យាល័យ។

ដើម្បីផ្តល់ជាជំនួយដល់ប្អូនៗសិស្សថ្នាក់ទី១២ក្នុងសម្រេចចិត្តជ្រើសរើសជំនាញសិក្សាបន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ ឲ្យបានត្រឹមត្រូវនោះ មជ្ឈមណ្ឌលការងារខេត្តសៀមរាប នៃទីភ្នាក់ងារជាតិ មុខរបរនិងការងារ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីអំពី “ការរៀបចំផែនការអាជីព និងការសិក្សា” ដល់សិស្សវិទ្យាល័យ​ដំដែក ចំនួន១៣៤នាក់ នាថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៨ ។

លោក សៀង សុខុន ប្រធានមជ្ឈមណ្ឌលការងារខេត្តសៀមរាប លើកឡើងថា ការជ្រើសរើសជំនាញ​សិក្សានៅមហាវិទ្យាល័យគួរត្រូវធ្វើឡើងដោយផ្អែកលើលក្ខណៈបច្ចេកទេសមួយចំនួនដូចជា៖ ការយល់​ដឹងពីកត្តាផ្ទាល់ខ្លួន ដោយត្រូវ​ពិនិត្យលើ​ចំណូលចិត្ត ជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈដែល​សក្តិសមសម្រាប់ការសិក្សាមុខវិជ្ជា​ផ្សេងៗ ជាជាងការរៀនតាមមិត្តភក្តិ ឬបងប្អូនជាដើម ដោយមិនបាន​ស្វែងយល់ឲ្យច្បាស់ពីខ្លួនឯង និងទីផ្សារការងារ។

លោក សុខុន បន្ថែមថា ការរៀបចំសិក្ខាសាលា​ស្តីពីការផែនការអាជីព និងការសិក្សានេះគឺដើម្បីណែនាំ​ដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់​វិទ្យាល័យ អោយចេះជ្រើសរើសមុខវិជ្ជាឯកទេស​ឲ្យសម​ស្របសម្រាប់ពួកគាត់ដែលនឹងបន្តទៅសិក្សា​នៅថ្នាក់មហាវិទ្យាល័យនាថ្ងៃអនាគត តាមរយៈការបំពេញ​កម្រងសំណួរចម្លើយដែលរៀបចំដោយទីភ្នាក់ងារមុខរបរ និងការងារ។ បន្ទាប់ពីឆ្លើយទៅនឹងកម្រង​សំណួរហើយ ប្អូនៗសិស្សានុសិស្សអាចដឹងអំពីចំណង់ចំណូលចិត្ត បុគ្គលិក្ខណៈ ព័ត៌មានទីផ្សារ​ការងារដែលពាក់ព័ន្ធ និង តម្រូវការ ឬកង្វះខាតនៃប្រភេទ​ជំនាញពីភាគីនិយោជក ពោលគឺអាចរៀន​ជំនាញ​ណាដែលទីផ្សារការងារកំពុងត្រូវការខ្លាំង និងមិនសូវមាន​អ្នកចាប់អារម្មណ៍ ដែលនឹងអាចបង្កើន​ភាព​ងាយទទួលបានការងារធ្វើបន្ទាប់ពីរៀនចប់។

ជាមួយគ្នានោះដែរ លោកអាំង តឹកឆាយ នាយករង វិទ្យាល័យដំដែក លើកឡើងថា វគ្គសិក្សានេះ​ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមតម្រង់ទិសដល់សិស្សានុសិស្សក្នុងថ្នាក់វិទ្យាល័យឲ្យមានការសម្រេចចិ​ត្តច្បាស់លាស់មុននឹងចាប់យកជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ។ លោក បន្ថែម​ទៀតថា កន្លងមកការផ្តល់ការណែនាំដល់សិស្សានុសិស្សដែលកំពុងស្ថិតនៅក្នុងថ្នាលអប់រំចំណេះទូទៅ​កម្រិត​ម​ធ្យមសិក្សាទុតិ​យ​ភូមិនឹងធ្វើការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាឯកទេសដើម្បីបន្តការសិក្សានៅ​ថ្នាក់ឧត្ត​មសិ​ក្សា ឬការ​អ​ប់​រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈគឺធ្វើតាមទំលាប់ ពោលគឺតាមរយៈ​ការណែនាំពីក្រុមគ្រួ​សារ បងប្អូ​ន​ ឬញាតិមិត្តតែប៉ុណ្ណោះ គឺមិនមានក្បួនខ្នាតណាមួយឲ្យច្បាស់​លាស់នោះទេ។ តែមកដល់ពេលនេះរាជរដ្ឋា​​ភិបាលបានរៀបជាក្បួនខ្នាត និងមានសៀវភៅណែនាំដល់​ពួកគាត់ឲ្យបានច្បាស់លាស់ គឺពិតជាបានជួ​​​យដល់ពួកគេឲ្យចាប់យកជំនាញអ្វីដែលពួកគេស្រឡាញ់ និងជោគជ័យក្រោយពួកគេប្រឡងបាក់ឌុបរួច។

សូមជម្រាបថាការរៀបចំវគ្គបណ្តុះបណ្តាលពីផែនការអាជីព និងការសិក្សា ដល់សិស្សថ្នាក់ទី១២នេះ គឺយន្តការមួយរបស់រាជរដ្ឋាភិបាលដែលកំពុងអនុវត្តយ៉ាងសកម្មដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការគាំទ្រ និងសហការយ៉ាងពេញទំហឹងពីក្រសួង​អប់រំ យុវជន និងកីឡា ធ្វើយ៉ាងណាជំរុញដល់សិស្សានុសិស្សអាចត្រៀមខ្លួនរួចជា​ស្រេចមុននឹង​ឈាន​ទៅបន្តសិក្សានៅថ្នាក់មហាវិទ្យាល័យបន្ទាប់ពីពួកគាត់ប្រឡងបញ្ចប់ថ្នាក់ទុតិយភូមិ៕

By NEA, Feb 20, 2018 02:02 am
ព័ត៌មានសកម្មភាពផ្សេងទៀត