ព័ត៌មានសកម្មភាព

ប្រញាប់ឡើងឱកាសការងារចំនួន៨៣កន្លែងទៀតកំពុងរង់ចាំលោកអ្នក!


ក្រោយពីសម្របសម្រួលជ្រើសរើសបុគ្គលិកជាង៥០០នាក់ ជូនដល់ក្រុមហ៊ុន/សហគ្រាសធំៗ​ដូចជាៈ ក្រុមហ៊ុន AEON Mall, Cellcard និង Park Café ជាដើម ក្នុងខែមករាកន្លងទៅនេះ ទីភ្នាក់ងារជាតិ​មុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀប​ចំកម្មវិធី “កិច្ចសម្ភាសការងារ” មួយ​ទៀតដែលនឹងផ្តល់ឱកាសការងារចំនួន ៨៣ មុខតំណែងជូនដល់យុវជន សិស្ស/​និស្សិត និងអ្នក​ស្វែងរក​ការងារទូទៅពីក្រុមហ៊ុន គង់ នួន គ្រុប នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខាង​មុ​ខនេះ​ចា​ប់ពី​ម៉ោង ៨:០០ ដល់ម៉ោង ១១:៣០នាទីព្រឹក នៅក្នុងបរិវេណក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។

ឱកាសការងារចំនួន ៨៣ មុខតំណែងដែលផ្តល់ជូនដោយក្រុមហ៊ុន គង់ នួន គ្រុប នៅក្នុង ”កិច្ចសម្ភាស​ការងារ”  មាន​ដូចជា៖ បុគ្គលិកផ្នែកលក់ ផ្នែកទីផ្សារ រដ្ឋបាល គណនេយ្យ និងអ្នកបើកបររថយន្ត ជាដើម។ នៅក្នុងកិច្ច​សម្ភាសន៍នេះ អ្នកស្វែងរកការងារធ្វើ ត្រូវត្រៀមប្រវត្តិរូបសង្ខេបឲ្យបានរួចរាល់ ដើម្បីដាក់ពាក្យ និង​សម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុននាថ្ងៃនោះតែម្តង។

លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា កិច្ច​សម្ភា​​​​សការ​ងា​រនេះ បានរួមចំណែកជួយដល់និយោជកដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ឲ្យបា​នជួប​អ្ន​ក​ដែលកំ​ពុងស្វែងរកការងារធ្វើផ្ទាល់តែម្តង។ លោក ភារៈ បន្ថែមទៀតថាកម្មវិធីនេះបានផ្ដល់ឱកាសដល់សាធា​រណៈជន ក៏ដូចជាដល់យុវជនដែលចង់ស្វែងការងារធ្វើតាមរយៈស្ថាប័នរដ្ឋដោយមិនពិបាកដើរស្វែង​រកការងារ ឬចំណាយពេលធ្វើដំណើរទៅដាក់CVsនៅតាមបណ្តាក្រុមហ៊ុននោះទេ ចំពោះអ្ន​កដែ​ល​មានការងារធ្វើហើយ តែចង់ផ្លាស់ប្ដូរការងារក៏អាចចូលរួមបានផងដែរ។

“កិច្ចសម្ភាសការងារ” គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់​ឱកាស​ដល់​សាធារណៈជន ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបាន​ការងារកាន់​តែងាយ​ស្រួលចំណេញពេលវេលា និងនៅមួយកន្លែង។ កិច្ចសម្ភា​​​សការងារនេះបានរួម​ចំណែក​ជួយពន្លឿនដំណើរការជ្រើស​រើសបុគ្គលិករបស់ដល់និយោជកឲ្យបានជួប និងសម្ភាសផ្ទាល់​ជាមួយអ្ន​ក​កំពុងស្វែងរក​ការងារ​ធ្វើ។

គេសង្កេតឃើញថា កន្លងមកវេទិកាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះបាន​ក្លាយជាវេទិកាការងារដែលផ្តល់ការងារក្នុងស្រុកទូលំទូលាយជាងគេដល់យុវជន សិស្ស/និស្សិត និង​អ្នកស្វែងរកការងារធ្វើទូទៅ ហើយទទួលបានការគាំទ្រ និងសាទរច្រើនពីសំណាក់ក្រុមហ៊ុន/សហគ្រាស​នានា ដែលមាន​តម្រូវការជ្រើសរើសបុគ្គលិក ដោយសារតែអាចឲ្យពួកគាត់កាត់បន្ថយការចំណាយ និងពេល​វេលា ហើយ​ពិសេសនោះជ្រើសរើសបាន​បេក្ខជនល្អៗ និងមានសមត្ថភាព។

បើតាមតួលេខដែលទទួលបានពីទីភ្នាក់ងារជាតិមុខរបរ និងការងារបង្ហាញថាទីភ្នាក់ងារនេះធ្លាប់បាន​រៀបចំវេទិកាការរងារនៅ​តាមមជ្ឈមណ្ឌលការងារទាំង១១​របស់​ខ្លួនប្រមាណ២០០ដងមកហើយ ដោយ​មានសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើសរុបចំនួនជិត៣ម៉ឺននាក់បាន​ចូលរួម ហើយអ្នក​ស្វែងរក​ការងារធ្វើចំនួនជាង១០០០០ នាក់ បានទទួលការងារធ្វើតាមរយៈវេទិកាការងារទាំងនេះ៕

By NEA, Aug 25, 2019 10:08 am
ព័ត៌មានសកម្មភាពផ្សេងទៀត