ព័ត៌មានសកម្មភាព
ផ្សារទំនើប AEON Mall និងក្រុមហ៊ុនធំៗ៥ទៀត ប្រកាសជ្រើសរើសបុគ្គលិកសរុបជិត ១០០០នាក់
ក្រោយពីទទួលជោគជ័យខ្លាំងនៅក្នុងការវិនិយោគរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងមក ផ្សារទំនើបរបស់ជប៉ុន AEON Mall គ្រោងនឹងបើកសម្ពោធសាខាទី២ នាពាក់កណ្តាលឆ្នាំ២០១៨ ខាងមុខនេះ។ ជាមួយគ្នានេះ ដែរ AEON បានប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ដើម្បីបម្រើការងារនៅក្នុងផ្សារទំនើបទី២ចំនួនជាង៤០០នាក់ នៅក្នុងវេទិកាការងារនាថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ចាប់ពីម៉ោង៨:០០ ដល់ម៉ោង៥ ៣០នាទីល្ងាច។ ដំណើរការជ្រើសរើសបុគ្គលិកនេះ នឹងត្រូវសហការសម្របសម្រួលដោយរាជរដ្ឋាភិបាលតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រៅពីផ្សារទំនើប AEON ក៏មានក្រុមហ៊ុនធំៗ៥ផ្សេងទៀតដូចជា ផ្សារទំនើប Makro, ក្រុមហ៊ុន Park Café, ក្រុមហ៊ុន គង់ នួន គ្រុប, ក្រុមហ៊ុន ONLINE និងក្រុមហ៊ុន GFG Investment ចូលរួមប្រកាសជ្រើសរើស បុគ្គលិកនៅក្នុងវេទិកាការងារនោះផងដែរ ដោយមានតម្រូវការបុគ្គលិកសរុបជិត១០០០នាក់។
លោក ប៉ុល សុវណ្ណរស្មី ប្រធានគ្រប់គ្រងធនធានមនុស្ស ផ្សារ AEON MALL បានឲ្យដឹងថា៖ “ផ្សារទំនើបAEON សព្វថ្ងៃមានបុគ្គលិកបម្រើការងារសរុបជិត៨០០នាក់ ហើយក្រុមហ៊ុន នឹងបើកសម្ពោធសាខាថ្មីជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០១៨នេះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនមានតម្រូវការបុគ្គលិកឲ្យចូលបម្រើការនៅសាខាថ្មីជាង៤០០នាក់។ កន្លងមក នៅពេលមានតម្រូវការជ្រើសរើសបុគ្គលិក ក្រុមហ៊ុនយើងតែងតែប្រើប្រាស់សេវាការងារសាធារណៈរបស់រដ្ឋតាមរយៈ NEA ដោយសារវាមានភាពងាយស្រួល មិនគិតកម្រៃ និងទទួលបានបេក្ខជនមកដាក់ពាក្យច្រើន និងសុទ្ធសឹងតែមានសមត្ថភាព។”
លោកឲ្យដឹងទៀតថា សម្រាប់លើកនេះ ខុសពីមុនបន្តិចដោយក្រុមហ៊ុនធ្វើការសម្ភាសតែមួយលើកប៉ុណ្ណោះ ពោលគឺជាប់ ឬធ្លាក់បេក្ខជននឹងបានដឹងក្រោយពេលសម្ភាសន៍ចប់តែម្តង។ លោក រស្មី បានជំរុញដល់ សិស្ស/និស្សិត ដែលចង់ទទួលបានការងារនៅ AEON ត្រូវរៀបចំប្រវត្តិរូបសង្ខេបឲ្យបានស្អាត រៀបចំខ្លួនឲ្យបានល្អ ស្វែងយល់ពីមុខតំណែងអ្វីដែលខ្លួនចង់ដាក់ពាក្យ និងមកឲ្យទាន់ពេលវេលាជាដើម។
គួររំឭកថា ជារៀងរាល់ខែ NEA តែងរៀបចំវេទិកាការងារ និងសម្ភាសការងារ ដើម្បីជំរុញឲ្យអ្នកស្វែងរកការងារ ទទួលបានឱកាសការងារ និងជ្រើសរើសបុគ្គលិកស្របតាមតម្រូវការរបស់ទីផ្សារការងារ។ បើតាមតួលេខដែលទទួលបានពីទីភ្នាក់ងារជាតិមុខរបរ និងការងារបង្ហាញថាទីភ្នាក់ងារនេះធ្លាប់បានរៀបចំវេទិកាការរងារនៅតាមមជ្ឈមណ្ឌលការងារទាំង១១របស់ខ្លួនប្រមាណ២០០ដងមកហើយ ដោយមានសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើសរុបចំនួនជិត៣ម៉ឺននាក់បានចូលរួម ហើយអ្នកស្វែងរកការងារធ្វើចំនួនជាង១០០០០ នាក់ បានទទួលការងារធ្វើតាមរយៈវេទិកាការងារទាំងនេះ។
សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារបែបនេះរៀងរាល់សប្តាហ៍ទី៤នៃខែនីមួយៗ។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារដែលខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរីនៅក្នុងវេទិកាការងាររៀងរាល់ខែ ដែលរៀបចំឡើងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេខ្មែរ) ដោយងាយស្រួល៕
By NEA, Feb 17, 2018 04:02 amព័ត៌មានសកម្មភាពផ្សេងទៀត
- វេទិកាការងារ និងជ្រើសរើសកម្លាំងពលកម្មក្នុងស្រុកបាណន់ មានអ្នកចូលរួម៥០នាក់
- វេទិកាការងារ និងជ្រើសរើសកម្លាំងពលកម្មក្នុងស្រុកថ្មគោល មានអ្នកចូលរួម១២៩នាក់
- មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ផ្សព្វផ្សាយពីទីផ្សារការងារដល់ប្រជាពលរដ្ឋស្រុកស្អាង
- មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ផ្សព្វផ្សាយពីទីផ្សារការងារដល់ប្រជាពលរដ្ឋឃុំតាលន់
- មជ្ឈមណ្ឌលការងារកែបរៀបចំ សិក្ខាសាលាស្តីពីការណែនាំអាជីព និងវិជ្ជាជីវៈសម្រាប់និស្សិត
- ប្រជាពលរដ្ឋស្រុកចន្ទ្រាខេត្តស្វាយរៀង ២១០នាក់ សម្ភាសការងារជាមួក្រុមហ៊ុនសាន់ហ្វេង ខេមបូឌា
- អ្នកចូលរួមស្វែងរកការងារធ្វើក្នុងវេទិកាការងារខេត្តស្វាយរៀងចំនួន២១៥នាក់
- វេទិកាការងារ និងជ្រើសរើសកម្លាំងពលក្នុងស្រុកបាវេល ខេត្តបាត់ដំបង មានអ្នកចូលរួម85នាក់
- វេទិកាការងារ និងជ្រើសរើសកម្លាំងពលកម្មក្នុងស្រុកបារាយរណ៍កំពង់ធំ មានអ្នកចូលរួម២៤៧នាក់
- វេទិកាការងារ ក្នុងខែកក្កដាមានអ្នកជាប់ការងារចំនួន១៣២នាក់
- មជ្ឈមណ្ឌលការងារបាត់ដំបង រៀបចំសិក្ខាសាលាចំពោះនិយោជក ពីទីផ្សារការងារ
- មជ្ឈមណ្ឌលការងារខេត្តស្វាយរៀងផ្សព្វផ្សាយ ពីទីផ្សាការងារដល់អ្នកស្រុកស្វាយទាប
- សិក្ខាសាលាស្តីអំពី«ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា» នៅវិទ្យាល័យរមាសហែក ខេត្តស្វាយរៀង
- សិក្ខាសាលាស្តីអំពី«ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា» នៅវិទ្យាល័យហ៊ុនសែនចាក់អង្រែ រាជធានីភ្នំពេញ