ព័ត៌មានសកម្មភាព
សាធារណរដ្ឋកូរ៉េជួយកម្ពុជាបន្តគម្រោងអភិវឌ្ឍប្រព័ន្ធសេវាការងារសាធារណៈ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ លើការដាក់ឱ្យដំណើរការអនុវត្តគម្រោង «ការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារសាធារណៈ ឬហៅថា PES System» ក្រោមគម្រោង Korea-Cambodia WorkNet ដំណាក់កាលទី២ (២០១៩-២០២០)។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាមួយលោក យ៉ាង ស៊ុងជុន (Yang Seung-jun) ប្រធាននាយកដ្ឋានសហប្រតិបត្តិ ការអភិវឌ្ឍ នៃក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ។ ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតី ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីក្រសួងការងារ នាថ្ងៃរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ មុនពិធីចុះហត្ថលេខានេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានជួបពិភាក្សាជាមួយលោក យ៉ាន ស៊ុងជុន ដោយផ្ដោតលើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ នាឱកាសនោះ ឯកឧត្តបណ្ឌិតរដ្ឋមន្ត្រីលើកឡើងថា នាពេលកន្លងមក កម្ពុជា-កូរ៉េមានទំនាក់ទំនងល្អជាមួយគ្នា និងជាដៃគូកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដោយភាគីកូរ៉េបានទទួលពលករកម្ពុជាទៅធ្វើការនៅទីនោះជាបន្តបន្ទាប់ រហូតដល់់ពេលបច្ចុប្បន្នចំនួនពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេសសាធារណរដ្ឋកូរ៉េ បានកើនដល់ប្រមាណជិត ៦ម៉ឺននាក់។ ពាក់ព័ន្ធនឹងគម្រោង «ការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារសាធារណៈ ឬហៅថា PES System» នេះ ត្រូវបានឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៉ិត សំហេង គាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹង និងបានស្នើឱ្យក្រុមការងារបច្ចេកទេសទាំងពីរភាគី ខិតខំធ្វើការងារឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចបានជោគជ័យសម្រាប់ប្រទេសជាតិទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ។ ពាក់ព័ន្ធនឹងគម្រោងការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារសាធារណៈនេះដែរ លោក យ៉ាង បានបង្ហាញក្ដីរំពឹងទុកថា វានឹងទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ជាទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងពីរ។ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍ នៃក្រសួងការងារកូរ៉េ រូបនេះ បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយកម្ពុជាបន្តទៀត ពិសេសគឺការបន្តគម្រោង«ការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារសាធារណៈ ឬហៅថា PES System» នេះឱ្យកាន់តែល្អប្រសើរ។ ក្រោយបញ្ចប់ការចុះហត្ថលេខា ឯកឧត្តម ហៃ ហ៊ុនឡេង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) មានគេហទំព័រផ្ទាល់ខ្លួនរួចទៅហើយ សម្រាប់ផ្ដល់សេវាការងារសាធារណៈ គឺធ្វើឡើងតាមរយៈបណ្ដាញ Internet ប៉ុន្តែសមត្ថភាពនៃការបញ្ជូនព័ត៌មានទៅកាន់អ្នកស្វែរកការងារធ្វើ នៅមានកម្រិតនៅឡើយ។ ដូច្នេះហើយបានជាក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ បានសហការជួយផ្ដល់នូវការអភិវឌ្ឍគេហទំព័រដល់ NEA ដែលមានស្រាប់នេះឱ្យកាន់តែទូលំទូលាយ និងល្អប្រសើរជាងមុន។ ក្នុងន័យនេះ គឺក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា (IT) នឹងរៀបចំអភិវឌ្ឍន៍ប្រព័ន្ធមូលទិន្នន័យ (Data Base) ដើម្បីប្រមូលព័ត៌មានរបស់អ្នកស្វែងរកការងារធ្វើ ព័ត៌មានរបស់និយោជក រោងចក្រ សហគ្រាស និងគ្រប់ប្រភពព័ត៌មានការងារ ផ្ទុកនៅក្នុងកន្លែងមួយដែលមានភាពប្រទាក់ក្រឡាគ្នា ហើយងាយស្រួលក្នុងការស្វែងរកព័ត៌មាន។ ឯកឧត្តម ហៃ ហ៊ុន ឡេង បានបន្តទៀតថា អ្នកដែលចង់ស្វែងរកការងារធ្វើ គ្រាន់តែចូលទៅកាន់គេហទំព័ររបស់ NEA តាមរយៈអាសយដ្ឋាន www.nea.gov.kh ហើយអាចចូលទៅស្វែងរកព័ត៌មានណាមួយដែលខ្លួនត្រូវការ ដោយមិនចាំបាច់មកដល់មជ្ឈមណ្ឌលការងាររបស់ NEA ផ្ទាល់ក៏បាន៕
By NEA, Jun 24, 2019 01:06 pmព័ត៌មានសកម្មភាពផ្សេងទៀត
- NEA ពង្រីកបន្ថែមមជ្ឈមណ្ឌលការងារមួយទៀត នាប៉ែកឦសាននៃប្រទេស
- គណៈប្រតិភូក្រសួងការងារនៃសាធារណរដ្ឋកេនយ៉ាអញ្ជើញមកទស្សនកិច្ច ស្វែងយល់អំពីការផ្តល់សេវាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ
- មជ្ឈមណ្ឌលការងារចល័តដំបូងបង្អស់នៅកម្ពុជានឹងនាំឱកាសការងារទៅដល់គ្រប់ទិសទីទូទាំងប្រទេស
- មកដល់ទៀតហើយ! ឱកាសការងារចំនួន៧២៣កន្លែង នៅក្នុងវេទិកាការងារថ្ងៃទី១៣ កុម្ភៈខាងមុខនេះ
- NEA ប្តេជ្ញានាំយកឱកាសការងារកាន់តែច្រើនឲ្យខិតជិតប្រជាពលរដ្ឋទូទាំងប្រទេសក្នុងឆ្នាំ២០១៩
- NEA ចុះកិច្ចព្រមព្រៀងជាមួយ GIZ ដើម្បីលើកកម្ពស់ការងារក្នុងខេត្តបន្ទាយមានជ័យ
- ឱកាសការងារជិត៩០០ កន្លែងកំពុងរង់ចាំលោកអ្នក ក្នុងវេទិកាការងារនាថ្ងៃទី១៣ ខែធ្នូនេះ
- ពិព័រណ៍ការងារខេត្តបាត់ដំបងឆ្នាំ ២០១៨
- ឯកឧត្តម បណ្ឌិត អ៊ិត សំហេង អញ្ជើញបើកពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨
- មជ្ឈមណ្ឌលការងារខេត្តព្រៃវែង នឹងរៀបចំនូវវេទិកាការងារនាចុងខែកញ្ញានេះ
- ចុងខែកញ្ញានេះ NEA នឹងនាំយកឱកាសការងារចំនួន ១៣៥២ កន្លែង ពីក្រុមហ៊ុនចំនួន១០
- ការងារជាង ២ម៉ឺន កន្លែងកំពុងរង់ចាំអ្នក កុំភ្លេចជួបគ្នានៅថ្ងៃទី២៧-២៨ ខែតុលា
- ៤៩នាក់ជាប់ជាស្ថាពរ និង១៥៣នាក់ជាប់បឋម នៅក្នុងវេទិកាការងារកាលពីម្សិលមិញនេះ
- ឱកាសការងារចំនួន៣៥០កន្លែង និងមកដល់ក្នុងពេលឆាប់ៗនេះសម្រាប់អ្នកបាត់ដំបង