ព័ត៌មានសកម្មភាព

ចុងខែកញ្ញានេះ NEA នឹងនាំយកឱកាសការងារចំនួន ១៣៥២ កន្លែង ពីក្រុមហ៊ុនចំនួន១០


វេទិកាការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកនូវឱកាសការងារចំនួន ១៣៥២ កន្លែងជូនដល់សិស្ស/និស្សិត យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើនាចុងខែកញ្ញាខាងមុខនេះហើយ ។ សម្រាប់អ្នកដែលមិនទាន់មានការងារធ្វើ សូមកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប(CV) ជ្រើសរើសជំនាញដែលខ្លួនឯងពេញចិត្តហើយចូលរួមជួបជាមួយក្រុមហ៊ុនល្បីៗ ដើម្បីទទួលបាននូវឱកាសការងារ និងកម្មសិក្សាការងារនៅក្នុងវេទិកាការងារ ថ្ងៃទី២៧ ខែតុលា ចាប់ពីម៉ោង៨:០០ព្រឹកដល់ម៉ោង ៥:០០ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

សម្រាប់វេទិកាការងារ នាចុងខែនេះផងដែរក៏មានការចូលសហការពីក្រុមហ៊ុន/សហគ្រាសល្បីៗចំនួន១០ រួមមានក្រុមហ៊ុន Online, ក្រុមហ៊ុន ផាកកាហ្វេ, ធនាគារ FTB, ក្រុមហ៊ុន Kong Nuon Group, ក្រុមហ៊ុន Yinkok Food Corp, ក្រុមហ៊ុន Nagaworld, ក្រុមហ៊ុន Smart,ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ូគីស៊ុប,ក្រុមហ៊ុន Markro, ក្រុមហ៊ុន GFG Investment។ 

បើយោងតាមការឲ្យដឹងរបស់លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញបានបញ្ជាក់ថា «ការរៀបចំនៅវេទិកាការងារ គឺជាការបង្កើតកន្លែងណាត់ជួបរវាងអ្នកកំពុងស្វែងរកការងារធ្វើ និងនយោជកដែលមានតម្រូវការជ្រើសរើសកំលាំងពលកម្ម អោយមានភាពងាយស្រួលដល់ភាគីទាំងសងខាង»។ លោក អាំង ភារៈ បានបញ្ជាក់បន្ថែមទៀតថា «ចំពោះអ្នកកំពុងស្វែងរកការងារធ្វើ នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជា មានឱកាសជួបផ្ទាល់ជាមួយអ្នកតំណាងមកពីក្រុមហ៊ុននិងសហគ្រាសល្បីៗ អាចជ្រើសរើសមុខតំណែង និងជំនាញដែលខ្លួនពេញចិត្ត ទទួលបានការសម្ភាសផ្ទាល់ និងដឹងលទ្ធផលភ្លាមៗនៅនឹងកន្លែង »។ 

ការរៀបចំនៅវេទិកាការងារនេះផងដែរ ក៏ជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលដើម្បីបង្កើននូវឱកាសការងារ លើកស្ទួយធនធានមនុស្ស និងកំលាំងពលកម្មនៅក្នុងប្រទេសអោយកាន់តែប្រសើរឡើងហើយស្របទៅតាមទីផ្សារការងារនាពេលបច្ចុប្បន្ន។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល។

By NEA, Sep 20, 2018 06:09 am
ព័ត៌មានសកម្មភាពផ្សេងទៀត