ព័ត៌មានសកម្មភាព

រួសរាន់ឡើងទីភ្នាក់ងារជាតិ មុខរបរ និងការងារ(NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសពីវេទិកាការងាររបស់ខ្លួន ដោយមានតម្រូវការជ្រើសរើសបុគ្គលិក៧៦២កន្លែង


សម្រាប់ថ្ងៃទី១៦ខែ សីហា ឆ្នាំ ២០១៨ ខាងមុខនេះទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន១០ ក្នុងនោះមានមីក្រូហិរញ្ញវត្ថុ មហានគរ ក្រុមហ៊ុន Chip Mong ក្រុមហ៊ុន ចំរើន ធនាគារ AEON ក្រុមហ៊ុន Smart ក្រុមហ៊ុន Smile ក្រុមហ៊ុន WorldBridge ក្រុមហ៊ុន 103 ញូប្រូដាក់សិន  សហគ្រាសហ្គោដហៀល និងក្រុមហ៊ុន KTH។ កិច្ចសម្ភាសការងារនេះ ធ្វើឡើងចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង ៥ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ប្អូនស្រី ហែម ស្រីមុំ និស្សិតឆ្នាំទី៤នៃវិទ្យាស្ថានវ៉ានដា ធ្លាប់បានលើកឡើងថា វេទិកាការងារ ជាវេទិកាការងារមួយដែលជួយឲ្យអ្នកស្វែងរកការងារធ្វើ ឆាប់ទទួលបានការងារ និងរួមចំណែកកាត់បន្ថយអត្រាអ្នកអត់កាងារធ្វើបានច្រើន។ 
ដូចគ្នានេះដែរ ប្អូនស្រីវណ្ណ ម៉ូលីកា និស្សិតឆ្នាំ២ ផ្នែកគីមីវិទ្យានៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញធ្លាប់បានចូលរួមវេទិកាការងារនេះ  បានចាត់ទុកវេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ថាបានរួមចំណែកជាច្រើនក្នុងការនាំយកឱកាសការងារ ដល់សិស្សនិស្សិត ដែលមានបំណងចង់ស្វែងរកការងារ“វេទិកានេះពិតជាល្អណាស់បង ព្រោះបានជូយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើឲ្យឆាប់ទទួលបានការងារធ្វើ ជាក់ស្តែងខ្ញុំមកវេទិកានេះជាលើកទី១ទេ តែខ្ញុំសង្កេតឃើញថា ការរៀបចំវេទិកានេះពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សនិស្សិតឲ្យបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន”។
ម៉ូលីកា ដែលជាប់ការងារនៅផ្សារទំនើប Lucky ផ្នែករៀបចំបន្លែ ផ្លែឈើ បានបន្ថែមថា ខ្ញុំជឿជាក់ថា វេទិកានេះនឹងកាន់តែមានភាពពេញនិយមកាន់តែច្រើនឡើងបន្ថែមទៀតពីសំណាក់ម្ចាស់ក្រុមហ៊ុន នឹងអ្នកស្វែងរកការងារធ្វើ ដោយសារតែជួយដល់ក្រុមហ៊ុនឲ្យឆាប់ទទួលបានបុគ្គលិកដែលពួកគេចង់បាន នឹងជួយដល់អ្នកស្វែងរកការងារឲ្យទទួលបានការងារអ្វីដេលពួកគេស្រឡាញ់។
សូមជម្រាបថាក្នុងដំណើរប្រតិបត្តិការជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆមាសទី១ ឆ្នាំ២០១៨ NEA បានជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរបានប្រមាណ ៣២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានប្រមាណ ៧៥៩០នាក់ នឹងរៀបចំវេទិកាការងារបានចំនួន៤២ដង។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ។

By NEA, Aug 15, 2018 04:08 am
ព័ត៌មានសកម្មភាពផ្សេងទៀត