ព័ត៌មានសកម្មភាព

ក្រុមហ៊ុនធំៗពីរសហការជាមួយមជ្ឈមណ្ឌលការងារស្វាយរៀង រៀបចំវេទិកាការងារស្តីពីឱកាសការងារ និងកម្មសិក្សាការងារ


នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារបានរៀបចំវេទិកាការងារស្តីពីឱកាសការងារ និងកម្មសិក្សាការងារដោយមានការចូលរួមសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង កាស៊ីណូ Xi Gang international casino (ខេត្តព្រះសីហនុ)។វេទិកានេះធ្វើឡើងនៅ សាលាប្រជុំវិទ្យាស្ថានពហុបចេ្ចកទេសភូមិភាគតេជោសែនស្វាយរៀង ដោយមានអ្នកចូលរួមជាសិស្សនិស្សិតប្រមាណជាង១០០នាក់។
លោកហែម ពុទ្ធិ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងមានប្រសាសន៍ថា  វេទិកាការងារនៅថ្ងៃនេះគឺពិតជាមានសារៈសំខាន់ណាស់ដើម្បីជួយដល់អ្នកស្វែងរកការងារធ្វើ ជាពិសេសអ្នកទើបបញ្ចប់ការសិក្សាថ្មីៗ និងយុវជនដែលគ្មានការងារធ្វើ ឲ្យបានដឹងពីទីផ្សារងារការងារ តម្រូវការកម្លាំងពលកម្មរបស់ក្រុមហ៊ុនជាដើម។
លោក ពុទ្ធិ បន្ថែមថា សកម្មភាពសំខាន់ៗដែលមជ្ឈមណ្ឌលការងារខេត្ត បានអនុវត្តកន្លងមកមានដូចជា ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានចំនួន ជាង១ម៉ឹននាក់, ផ្គូរផ្គងអ្នកស្វែងរកាងារធ្វើទៅអោយនិយោជក ចំនួនប្រមាន៩ពាន់នាក់ អ្នកទទួលបានការងារធ្វើចំនួន ជាង២ពាន់នាក់, រៀបចំសិក្ខាសាលាស្ដីពីការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត, រៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សវិទ្យាល័យ, ទំនាក់ទំនង និងទទួលជួបជាមួយនិយោជក ក្រុមហ៊ុន សហគ្រាស, ផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិក ,ផ្សព្វផ្សាយព័ត៌មានអប់រំបណ្តុះបណ្តាល និងអាហារូបករណ៍ , រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន ,រៀបចំវេទិកាការងារ និងរៀបចំពិព័រណ៍ចល័តជាដើម។ 
ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងរូបនេះ ក៏បានសំណូមពរដល់ប្អូនៗនិស្សិតគួរ ស្វែងរកការងារធ្វើ តាមរយៈជាការងារស្ម័គ្រចិត្ត ឬការងារពេញម៉ោងក្នុងអំឡុងពេលសិក្សា ដើម្បីទទួលបាននូវបទពិសោធន៍ ក៏ដូចជាពង្រឹងនូវជំនាញរបស់ខ្លួន ក្នុងការឈានទៅរកការងារល្អប្រាក់បៀវត្សន៍ខ្ពស់ទៅថ្ងៃអនាគត។
សូមជម្រាបថាមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)គឺជាស្ថាប័នរដ្ឋដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាព័ត៌មានទីផ្សារ ការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការ អប់រំបណ្តុះបណ្តាលមានលទ្ធភាពទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក។ ជាក់ស្តែងក្នុងដំណើរប្រតិបត្តិការជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆមាសទី១ ឆ្នាំ២០១៨ NEA បានជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរបានប្រមាណ ៣២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានប្រមា ណ ៧ ៥៩០នាក់ នឹងរៀបចំវេទិកាការងារបានចំនួន៤២ដង៕

By NEA, Aug 15, 2018 03:08 am
ព័ត៌មានសកម្មភាពផ្សេងទៀត