ព័ត៌មានសកម្មភាព

អ្នកជាប់ការងារសម្តែងអាម្មណ៍រីករាយ ក្រោយចូលរួមវេទិកាការងាររបស់ NEA


សម្រាប់វេទិកាការងារលើកទី២នៃខែមិថុនា របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានរៀបចំឡើងនៅថ្ងៃទី១៤ មិថុនាម្សិលមិញនេះ យ៉ាងហោចណាស់មានអ្នកជាប់ការងារស្ថាពរចំនួន 65 នាក់ ខណៈអ្នកជាប់បឋមមានចំនួន105 នាក់ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់ក្រុមហ៊ុនដែលចូលរួមសម្ភាសការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនដែលចូលរួមក្នុងវេទិកាកាលពីថ្ងៃទី១៤ ម្សិលមិញមានផ្សារទំនើបLucky Supermarket មានអ្នកជាប់ស្ថាពរ 27នាក់ ក្រុមហ៊ុនMaster Suki Soup ជាប់ស្ថាពរ 19នាក់ និងជាប់បឋម 02នាក់ ក្រុមហ៊ុន KOI Thé Cambodia ជាប់ស្ថាពរ 10នាក់ និងជាប់បឋម 03នាក់ក្រុមហ៊ុន ICE Electronic ជាប់ស្ថាពរ 05នាក់ និងជាប់បឋម 04នាក់ ក្រុមហ៊ុន HGB Group ជាប់ស្ថាពរ 04នាក់ និងជាប់បឋម 12នាក់ក្រុមហ៊ុន Cambodia Airport ជាប់បឋម 22នាក់ធនាគារ FTB Bank ជាប់បឋម 19នាក់ក្រុមហ៊ុន Kong Nuon Group ជាប់បឋម 18នាក់មីក្រូហិរញ្ញវត្ថុ Vision Fund ជាប់បឋម 17នាក់ និងក្រុមហ៊ុន Speed Wind ជាប់បឋម 08នាក់

ប្អូនស្រី ហែម ស្រីមុំ និស្សិតឆ្នាំទី៤នៃវិទ្យាស្ថានវ៉ានដា ដែលទើបមកចូលរួមវេទិកាការងារលើកទី១បានសម្តែងអារម្មណ៍សប្បាយរីករាយក្រោយក្រុមការងាររបស់ មីក្រូហិរញ្ញវត្ថុ Vision Fund ប្រាប់ថាទទួលយកប្អូនឲ្យធ្វើការក្នុងមុខដំណែងជាបេឡាករយ៉ាងដូច្នេះថា៖ “នេះជាលើកទី១របស់ខ្ញុំដែលចូលរួមក្នុងវេទិកាការងារថ្ងៃនេះ ហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដោយមិននឹកស្មានថាគ្រាន់តែសម្ភាសការងារចប់មិនទាន់បាន១០នាទីផង ក្រុមហ៊ុនបានប្រាប់ថាទទួលខ្ញុំឲ្យចូលធ្វើការ” ។ ស្រមុំបន្តថា ចំពោះព័ត៌មានដែលខ្ញុំដឹងថាមានវេទិកានេះខ្ញុំដឹងតាមរយៈទំព័រហ្វេកបុករបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ព្រោះផេកនេះមានព័ត៌មានពីការងារយ៉ាងសំបូរបែប។

ដូចគ្នានេះដែរ ប្អូនស្រីវណ្ណ ម៉ូលីកា និស្សិតឆ្នាំ២ ផ្នែកគីមីវិទ្យានៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាត់ទុកវេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ថាបានរួមចំណែកជាច្រើនក្នុងការនាំយកឱកាសការងារ ដល់សិស្សនិស្សិត ដែលមានបំណងចង់ស្វែងរកការងារ។ “វេទិកានេះពិតជាល្អណាស់ ព្រោះបានជួយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើឲ្យឆាប់ទទួលបានការងារធ្វើ ជាក់ស្តែងខ្ញុំមកវេទិកានេះជាលើកទី១ទេ តែខ្ញុំសង្កេតឃើញថា ការរៀបចំវេទិកានេះពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សិនិស្សិតឲ្យបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន និងដាក់ពាក្យសម្ភាសភ្លាមៗតែម្តង”។

ម៉ូលីកា ដែលជាប់ការងារនៅផ្សារទំនើប Lucky ផ្នែករៀបចំបន្លែ ផ្លែឈើ បានបន្ថែមថា ខ្ញុំជឿជាក់ថា វេទិកានេះនឹងកាន់តែមានភាពពេញនិយមកាន់តែច្រើនឡើងបន្ថែមទៀតពីសំណាក់ម្ចាស់ក្រុមហ៊ុន នឹងអ្នកស្វែងរកការងារធ្វើ ដោយសារតែជួយដល់ក្រុមហ៊ុនឲ្យឆាប់ទទួលបានបុគ្គលិកដែលពួកគេចង់បាន នឹងជួយដល់អ្នកស្វែងរកការងារឲ្យទទួលបានការងារអ្វីដែលពួកគេស្រឡាញ់ពេញចិត្ត។

សូមជម្រាបថា វេទិកាស្រដៀងគ្នានេះ នឹងរៀបចំមួយទៀតនៅថ្ងៃទី២១ ខែមិថុនានាពេលខាងមុខនេះ ដោយមានក្រុមហ៊ុន YINKOK CORP ចូលរួមសហការ នឹងមានតម្រូវការបុគ្គលិកជាង១០០នាក់ ដូច្នេះ បើសិស្សនិស្សិត ឬអ្នកមានបំណងផ្លាស់ប្តូរការងារ ឬចង់ទទួលបានឱកាសការងារជាមួយក្រុមហ៊ុនខាងលើអាចអញ្ជើញចូលរួមដោយសេរី នៅទីភ្នាក់ងារជាតិមុខរបរ និងការងា ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់របងវិទ្យាស្ថានភាសា បរទេស IFL ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV) ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ។

By NEA, Jun 15, 2018 04:06 am
ព័ត៌មានសកម្មភាពផ្សេងទៀត