ព័ត៌មានសកម្មភាព

អស្ចារ្យមែន! ក្រុមហ៊ុនធំៗចំនួន១០ នឹងចូលរួមសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នាំយកឱកាសការងារប្រមាណ១,០៧៤កន្លែង ក្នុងវេទិកាការងារ ថ្ងៃទី១៤មិថុនា


(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារជាលើកទី២នៅក្នុងខែមិថុនា ដោយនាំយកឱកាសការងារប្រមាណ ១,០៧៤កន្លែង ទៅតាមមុខដំណែងផ្សេងៗគ្នា ពីបណ្តាលក្រុមហ៊ុនចំនួន១០ ក្នុងនោះមានក្រុមហ៊ុន អាកាសចរណ៍កម្ពុជា, ធនាគារ FTB, ក្រុមហ៊ុនគង់ នួនគ្រុប ,ផ្សារទំនើបឡាក់គី, មីក្រូហិរញ្ញវត្ថុ Vision Fund ,ក្រុមហ៊ុន FGB Group ,ក្រុមហ៊ុន KOI, ក្រុមហ៊ុន ICE Electric, ក្រុមហ៊ុន Speed Wind និងក្រុមហ៊ុន Master Supki soup ដែលវេទិកានេះ រៀបចំឡើងចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ចាប់ មករា HR Manager ក្រុមហ៊ុន Master Suki Soup បានឲ្យដឹងថា នេះជាលើកទី២ ដែលក្រុមហ៊ុនបានសហការជាមួយនិង NEA ក្នុងវេទិកាសម្ភាសការងារ។ លោកមើលឃើញថាសេវារបស់ NEA ជួយស្វែងរកការងារដល់ប្រជាពលរដ្ឋខ្មែរ គឺពិតជាល្អមែន ដោយបានចូលរួមកាត់បន្ថយអត្រាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋ។ លោកបានបន្ថែមទៀតថា នាពេលបច្ចុប្បន្នក្រុមហ៊ុនរបស់ លោកមានបុគ្គលិកសរុបប្រមាណ៨០០នាក់ កាលពីលើកទី១កន្លងទៅក្រុមហ៊ុនបានទទួលបេក្ខជនជាប់ការងារតាមរយៈវេទិកា នេះបានចំនួន១៩នាក់។

លោក មករា បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនសហការជាមួយ NEA ដោយសារតែ NEA មានបណ្តាញច្រើនហើយជាស្ថាប័នរដ្ឋ លើសពីនេះទៀតគឺជាឱកាសដែលក្រុមហ៊ុនបានផ្សព្វផ្សាយពី ឈ្មោះរបស់ក្រុមហ៊ុន ឲ្យគេបានស្គាល់កាន់តែច្រើនឡើងបន្ថែមទៀត។ លោកក៏បានថ្លែងអំណរគុណចំពោះ NEA ដែលបានផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន ក្នុងការសម្រប់សម្រួល និងផ្តល់ទីតាំងដល់ក្រុមហ៊ុនរបស់លោក ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀត ក្នុងការរៀបចំវេទិកាការងារជារៀងរាល់ខែ ។

លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា កិច្ចសម្ភាសការងារនេះបានរួមចំណែកជួយដល់និយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ឲ្យបានជួបអ្នកដែលកំពុងស្វែងរកការងារធ្វើផ្ទាល់តែម្តង។ លោក ភារៈ បន្ថែមទៀតថាកម្មវិធីនេះ បានផ្ដល់ឱកាសដល់សាធារណៈជន ក៏ដូចជាយុវជនដែលកំពុងស្វែងរកការងារធ្វើ តាមរយៈស្ថាប័នរដ្ឋដោយមិនពិបាកដើរស្វែងរកការងារ ឬចំណាយពេលធ្វើដំណើរទៅដាក់ CVs នៅតាមបណ្តាក្រុមហ៊ុននោះទេ ចំពោះអ្នកដែលមានការងារធ្វើហើយ តែចង់ផ្លាស់ប្ដូរការងារក៏អាច ចូលរួមបានផងដែរ។

»វេទិកាការងារ«គឺជាផ្នែកមួយនៃយន្តការការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជន ជាពិសេសយុវជន ដែលចង់ស្វែងការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានការងារកាន់តែងាយស្រួលចំណេញពេលវេលា និងនៅមួយកន្លែង។ វេទិកាសម្ភាសការងារនេះ បានរួមចំណែកជួយពន្លឿនដំណើរការជ្រើសរើសបុគ្គលិករបស់និយោជក ឲ្យបានជួប នឹងបានសម្ភាសផ្ទាល់ ជាមួយអ្នកកំពុងស្វែងរកការងារធ្វើ។

លោក ចាប់ មករា បានឲ្យដឹងថាសម្រាប់បេក្ខជន ដែលមានបំណងចង់ទទួលបានការងារជាមួយក្រុមហ៊ុនរបស់លោក ត្រូវរៀបចំខ្លួនឲ្យបានសមរម្យ រៀបចំប្រវត្តិរូបឲ្យបានត្រឹមត្រូវ (CV) គោរពពេលវេលា អាចធ្វើការងារចុងសប្តាហ៍បាន អាចប្រើប្រាស់ភាសាអង់គ្លេសដើម្បីទំនាក់ទំនងបន្តិចបន្តួចបាន។ លោកបានបន្ថែមទៀតថា វេទិកាថ្ងៃទី១៤នេះ ចូលសម្ភាសភ្លាមបេក្ខជន នឹងដឹងលទ្ធផលជាប់ឬធ្លាក់ភ្លាមៗ តែម្តង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕

By NEA, Jun 12, 2018 03:06 am
ព័ត៌មានសកម្មភាពផ្សេងទៀត