អំពីទីភ្នាក់ងារជាតិមុខរបរ និងការងារ


១. សេចក្តីផ្តើម
២. ថ្នាក់ដឹកនាំ
៣. តួនាទី និងភារកិច្ច
៤. ចក្ខុវិស័យ
៥. បេសកកម្ម
៦. ទិសដៅ
៧. រចនាសម្ព័ន្ធរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ
៨. ការផ្ដល់សេវា

១. សេចក្តីផ្តើម

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍវិស័យការងារព្រមទាំងការ ធ្វើឱ្យប្រសើរឡើងនិងបង្កើនប្រសិទ្ធភាពទីផ្សារការងារដូចដែលបានរំលេចឡើងនៅក្នុងកម្មវិធីនយោបាយក៏ដូចជាក្នុង«យុទ្ធសាស្រ្តចតុកោណ » ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជាដំណាក់កាលទី ៣ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៤-២០១៨ ជា ពិសេសផ្អែកលើយុទ្ធសាស្រ្តទី ៣ ដែលមានចែងអំពីការអភិវឌ្ឍវិស័យឯកជន និងការងារ ក៏ដូចជាមានចែងក្នុងយុទ្ធសាស្រ្តរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានកំណត់យកយុទ្ធសាស្រ្តជាអាទិភាពចំនួន៥ ក្នុងនោះទីភា្នក់ងារជាតិមុខរបរ និងការងារ (ទ.ជ.ម.ក) ស្ថិតក្នុងយុទ្ធសាស្រ្តអាទិភាពទី៣ គឺ «ការអភិវឌ្ឍមុខរបរ និងការងារ» ។

ដើម្បីជាឧបករណ៍មួយសម្រាប់ចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយខាងលើនេះ ព្រមទាំងគោលនយោបាយកំណែទម្រង់ រដ្ឋបាលសាធារណៈ ក្នុងគោលដៅកែលម្អការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរឡើង និងដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានបង្កើត «ទីភ្នាក់ងារជាតិមុខរបរ និងការងារ (ទ.ជ.ម.ក)» តាមរយៈអនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៩ ក្រោមទម្រង់ជាទីភ្នាក់ងារប្រតិបត្តិការពិសេស (Special Operating Agency) ដែលមានតួនាទី និងភារកិច្ចក្នុងការផ្ដល់សេវាការងារ និងព័ត៌មានទីផ្សារការងារនៅមួយកន្លែងងាយស្រួល ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ជូនដល់អ្នកស្វែងរកការងារធ្វើ និយោជក អ្នកផ្ដល់ការអប់រំបណ្ដុះបណ្ដាល អ្នករៀបចំគោលនយោបាយ និងផែនការ និងសាធារណ ជនទូទៅ។ ទ.ជ.ម.ក ស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដែលមាន ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួុងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាប្រធាន។ បន្ថែមលើតួនាទី និងភារកិច្ចខាងលើនេះ ទ.ជ.ម.ក ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអង្គភាពស្ថិតិដែលបានចាត់តាំងរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាលតាមរយៈអនុក្រឹត្យលេខ១១៧ អនក្រ.បក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ ស្តីពីការប្រមូល និងចងក្រងព័ត៌មានទីផ្សារការងារដែលមានតួនាទីភារកិច្ចក្នុងការប្រមូល ចងក្រង និងផ្សព្វផ្សាយនូវព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែងងាយស្រួលតាមប្រព័ន្ធអេឡិចត្រូនិច ឬក្នុងទម្រង់ក្រដាស សម្រាប់ផ្ដល់តម្រូវការព័ត៌មានរបស់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងទីផ្សារការងារ។

២. ថ្នាក់ដឹកនាំ

leader_sokan

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មា ធិការជាតិបណ្ដុះបណ្ដាល

leader_pich_sophoan

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន
រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល

leader_pich_sophoan

ឯកឧត្តមបណ្ឌិត ហុង ជឿន
ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ និងជាសមាជិកគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល

៣. តួនាទី និងភារកិច្ច

ជារួម ទ.ជ.ម.ក មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

 • សម្របសម្រួល និងរៀបចំឱ្យមានយន្តការ «វេទិកាការងារ» ដែលមានការចូលរួមពីសំណាក់អ្នកស្វែងរកការងារធ្វើ និយោជក និង អ្នកផ្តល់ការអបរំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំដៅផ្លាស់ប្តូរ ព័ត៌មាន ប្រឹក្សាយោបល់ និងធ្វើសកម្មភាពរួមគ្នា ដើម្បីឆ្លើយតបនឹងស្ថានភាពទីផ្សារការងារ
 • ផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារ ឱ្យអ្នកស្វែងរកការងារធ្វើ និយោជក និយោជិត អ្នកផ្តល់ការអបរំបណ្តុះបណ្តាល ជំនាញ និងសាធារណជន ឱ្យមានលទ្ធភាពទទួលបានព័ត៌មានពីគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព ជាលក្ខណៈបើក ចំហរ
 • សិក្សាស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារឱ្យសមស្របទៅនឹងការវិវឌ្ឍនៃសេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្ន និងទៅ អនាគត
 • ជំរុញការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ មុខរបរ និងជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈគេហទំព័ររបស់ ទ.ជ.ម.ក និង តាម មធ្យោបាយផ្សព្វផ្សាយផ្សេងៗទៀត
 • ធ្វើសហប្រតិបត្តិការសម្របសម្រួលជាមួយក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងបណ្តាក្រុមហ៊ុន សហគ្រាសឯកជនទាំងអស់ ដែលត្រូវការកម្លាំងពលកម្ម និងតម្រូវការជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកអនុសាសន៍ ជូន គណៈកម្មាធិការជាតិបណ្តុះបណ្តាល
 • ផ្តល់ទិន្នន័យជាក់លាក់ស្តីពីព័ត៌មានទីផ្សារការងារ ដើម្បីជាមូលដ្ឋានជួយសម្រួលដល់រាជរដ្ឋាភិបាល ឱ្យ មានលទ្ធភាពរៀបចំផែន ការអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារដ៏ត្រឹមត្រូវ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រតាមរយៈ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ។

៤. ចក្ខុវិស័យ

ចក្ខុវិស័យរបស់ ទ.ជ.ម.ក ក្នុងការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារគឺ៖

«ទីភ្នាក់ងារ ផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារប្រកបដោយគុណភាពនាំមុខគេនៅកម្ពុជា»

៥. បេសកកម្ម

 • ផ្តល់សេវាការងារជាមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ដូចជាការផ្គូផ្គងគ្នារវាងអ្នកស្វែងរកការងារធ្វើ និងកន្លែងការងារទំនេរ ដើម្បី បង្កើនប្រសិទ្ធភាពទីផ្សារការងារ
 • ប្រមូលព័ត៌មាន វិភាគ និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការផ្តល់សេវាការងារប្រកបដោយ ប្រសិទ្ធភាព និងផ្តល់ព័ត៌មានទៅដល់អ្នករៀបចំគោលនយោបាយក្នុងការផ្តល់ការអប់រំបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍ
 • ជំរុញការបន្ស៊ីគ្នានូវជំនាញរបស់កម្លាំងពលកម្មជាមួយនឹងតម្រូវការទីផ្សារ

៦. ទិសដៅ

ដើម្បីសម្រេចចក្ខុវិស័យ បេសកកម្មខាងលើនេះ ទ.ជ.ម.ក បានដាក់ចេញនូវទិសដៅសំខាន់ចំនួន ២ ដូចខាងក្រោម៖

 • ពង្រឹងយន្ដការផ្ដល់សេវាមុខរបរ និងការងារឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់ សេវា
 • ពង្រឹងយន្ដការផ្សព្វផ្សាយ និងអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារ

៧. រចនាសម្ព័ន្ធរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ

រចនាសម្ព័ន្ធរបស់ ទ.ជ.ម.ក ចែកចេញជាពីរផ្នែកសំខាន់ៗ គឺផ្នែកគ្រប់គ្រង និងទ្រទ្រង់ការផ្តល់សេវា (Back Office) និងផ្នែកផ្តល់ សេវាជួរមុខ (Front Office) ។ ផ្នែកគ្រប់គ្រង និងគាំទ្រការ ផ្តល់សេវា (Back Office) គឺសំដៅទៅលើផ្នែកស្នូលទាំងបួន ដែលមាន ការិយាល័យចំណុះចំនួន១៦ របស់ ទ.ជ.ម.ក ដែលរួមមាន៖

១. ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ

 • ក. ការិយាល័យរដ្ឋបាល និងបុគ្គលិក
 • ខ. ការិយាល័យហិរញ្ញវត្ថុ
 • គ. ការិយាល័យលទ្ធកម្ម
 • ឃ.ការិយាល័យគ្រប់គ្រងចំណេះដឹង
 • ង. ការិយាល័យគ្រប់គ្រងមជ្ឈមណ្ឌលការងារ។

២. ផ្នែកផែនការ និងសហប្រតិបត្តិការ

 • ក. ការិយាល័យផែនការ និងវាយតម្លៃ
 • ខ. ការិយាល័យសហប្រតិបត្តិការ
 • គ. ការិយាល័យគ្រប់គ្រងគម្រោង។

៣. ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន

 • ក. ការិយាល័យគ្រប់គ្រងប្រព័ន្ធទិន្នន័យ
 • ខ. ការិយាល័យគ្រប់គ្រងអភិវឌ្ឍន៍ប្រព័ន្ធកុំព្យូទ័រ
 • គ. ការិយាល័យគ្រប់គ្រងអភិវឌ្ឍន៍ប្រព័ន្ធគេហទំព័រ
 • ឃ.ការិយាល័យផ្សព្វផ្សាយតាមអ៊ីនធើរណិត និងបណ្តាញសង្គម។

៤. ផ្នែកប្រមូល និងផ្សព្វផ្សាយព័ត៌មាន

 • ក. ការិយាល័យប្រមូល និងទំនាក់ទំនងសាធារណៈ
 • ខ. ការិយាល័យគ្រប់គ្រងព្រឹត្តិការណ៍ផ្សព្វផ្សាយ
 • គ. ការិយាល័យស្រាវជ្រាវ វិភាគ និងព្យាករណ៍ព័ត៌មានទីផ្សារការងារ
 • ឃ.ការិយាល័យនាទីទីផ្សារការងារ និងមុខរបរ
 • ង. ការិយាល័យបោះពុម្ពផ្សព្វផ្សាយ។

ចំពោះការិយាល័យផ្តល់សេវាជួរមុខ (Front Office) គឺជាមជ្ឈមណ្ឌលការងារដែលជាផ្តល់សេវាដោយផ្ទាល់ដល់អ្នកប្រើប្រាស់សេវា ហើយដែលនឹងត្រូវបានបង្កើតនៅគ្រប់រាជធានី-ខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំយកសេវាឱ្យកាន់តែខិតទៅជិតអ្នកប្រើ ប្រាស់សេវានៅមូលដ្ឋាន និងគ្របដណ្តប់បានទូលំទូលាយ។

រចនាសម្ព័ន្ធរបស់ ទ.ជ.ម.ក ដឹកនាំដោយប្រធានមួយរូប រួមមានទីប្រឹក្សា និងអនុប្រធានមួយចំនួនតាមការចាំបាច់ ដែលត្រួតពិនិត្យទៅ លើផែ្នកទាំងបួន និងមជ្ឈមណ្ឌលការងារមានបង្ហាញដូចក្នុងរូបខាងក្រោម៖

រចនាសម្ព័ន្ធ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ

organi chat

៨. ការផ្ដល់សេវា


ផ្អែកលើចក្ខុវិស័យ បេសកកម្ម និងទិសដៅដូចបានលើកឡើងខាងលើ ទ.ជ.ម.ក ផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារដល់អ្នក ប្រើប្រាស់សេវាទាំងអស់ ក្នុងក្របខណ្ឌទូទាំងព្រះរាជាណាចក្រកម្ពុជាដោយឥតគិតថ្លៃ និងនៅមួយកន្លែងងាយស្រួល តាមរយៈជម្រើស ពីរ គឺ៖

+ សេវាលើប្រព័ន្ធអ៊ីនធើរណិត៖

 • គេហទំព័រ ដែលមានអាសយដ្ឋាន www.nea.gov.kh
 • បណ្ដាញទំនាក់ទំនងសង្គម ដែលមានអាសយដ្ឋាន www.facebook.com/neakhmer

+ សេវាដោយផ្ទាល់តាមរយៈមជ្ឈមណ្ឌលការងារ ដែលនឹងត្រូវបង្កើតនៅទូទាំង ២៥ រាជ-ធានីខេត្ត

បច្ចុប្បន្ន ទ.ជ.ម.ក. មានមជ្ឈមណ្ឌលការងារចំនួន ១១ ស្ថិតនៅ៖

១.មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ

 • អាសយដ្ឋាន៖ ស្ថិតក្នុងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (សង្កាត់ទឹកល្អក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ)
 • លេខទូរសព្ទ៖ ០២៣ ៦៣៣ ៦០០២ ឬ ០៧៧ ២៣២ ៣៧៨ ឬ ០១៦ ៧៨៦ ៦៥៥
 • អ៊ីម៉ែល៖ jc_pp@nea.gov.kh

២.មជ្ឈមណ្ឌលការងារខេត្តបាត់ដំបង

 • អាសយដ្ឋាន៖ ស្ថិតក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្លូវលេខ០១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
 • លេខទូរសព្ទ៖ ០៥៣ ៧៣៣ ១១១ ឬ ០១៦ ៩២៦ ៦៥៥
 • អ៊ីម៉ែល៖ jc_battambang@nea.gov.kh

៣.មជ្ឈមណ្ឌលការងារខេត្តសៀមរាប

 • អាសយដ្ឋាន៖ ស្ថិតក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប សង្កាត់ស្លក្រាម ក្រុងសៀមរាប
 • លេខទូរសព្ទ៖ ០៦៣ ២១០ ២៧៧ ឬ ០១៦ ៥៣៦ ៦៥៥
 • អ៊ីម៉ែល៖ jc_siemreap@nea.gov.kh

៤.មជ្ឈមណ្ឌលការងារខេត្តកំពត

 • អាសយដ្ឋាន៖ ស្ថិតក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ភូមិ០១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត
 • លេខទូរសព្ទ៖ ០៣៣ ២១០ ២៧៧ ឬ ០១៦ ៥០៦ ៦៥៥
 • អ៊ីម៉ែល៖ jc_kampot@nea.gov.kh

៥.មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង

 • អាសយដ្ឋាន៖ ស្ថិតក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
 • លេខទូរសព្ទ៖ ០៤៤ ៧១៥ ២៧៧ ឬ ០១៦ ៦៤៦ ៦៥៥
 • អ៊ីម៉ែល៖ jc_svayrieng@nea.gov.kh

៦.មជ្ឈមណ្ឌលការងារខេត្តកំពង់ចាម

 • អាសយដ្ឋាន៖ ស្ថិតក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ចាម ផ្លូវលេខ៧ចាស់ ភូមិ ទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម
 • លេខទូរសព្ទ៖ ០៤២ ២១០ ២៧៧ ឬ ០១៦ ៦៥៦ ៦៥៥
 • អ៊ីម៉ែល៖ jc_kampongcham@nea.gov.kh

៧.មជ្ឈមណ្ឌលការងារខេត្តតាកែវ

 • អាសយដ្ឋាន៖ ស្ថិតក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ភូមិ៣ សង្កាត់រការក្នុង ក្រុងដូនកែវ
 • លេខទូរសព្ទ៖ ០៣២ ២១០ ២៧៧ ឬ ០១៦ ៦៧៦ ៦៥៥
 • អ៊ីម៉ែល៖ jc_takeo@nea.gov.kh

៨.មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ

 • អាសយដ្ឋាន៖ ស្ថិតក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំ ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន
 • លេខទូរសព្ទ៖ ០៦២ ២១០ ២៧៧ ឬ ០១៦ ៨៣៦ ៦៥៥
 • អ៊ីម៉ែល៖ jc_kampongthom@nea.gov.kh

៩.មជ្ឈមណ្ឌលការងារខេត្តព្រៃវែង

 • អាសយដ្ឋាន៖ ស្ថិតក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែង ភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង
 • លេខទូរសព្ទ៖ ០៤៣ ២១០ ២៧៧ ឬ ០៨១ ៧៨៦ ៦៥៥
 • អ៊ីម៉ែល៖ jc_preyveng@nea.gov.kh

១០.មជ្ឈមណ្ឌលការងារខេត្តព្រះសីហនុ

 • អាសយដ្ឋាន៖ ស្ថិតក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
 • លេខទូរសព្ទ៖ ០៨១ ៨៥៦ ៦៥៥
 • អ៊ីម៉ែល៖ jc_preahsihanouk@nea.gov.kh

១១.មជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ

 • អាសយដ្ឋាន៖ ស្ថិតក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ
 • លេខទូរសព្ទ៖ ០១៦ ៣២៦ ៦៥៥
 • អ៊ីម៉ែល៖ jc_banteaymeanchey@nea.gov.kh

១២.មជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង

 • អាសយដ្ឋាន៖ ស្ថិតក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ភូមិស្រែពោធិ៍ សង្កាត់ឬស្សី ក្រុងស្ទឹងត្រែង
 • លេខទូរសព្ទ៖ ០១០ ៧៤៦ ៦៥៥ / ០៧៤ ២១២ ២៧៧
 • អ៊ីម៉ែល៖ jc_steungtreng@nea.gov.kh

១៣.មជ្ឈមណ្ឌលការងារខេត្តពោធិ៍សាត់

 • អាសយដ្ឋាន៖ ស្ថិតក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់
 • លេខទូរសព្ទ៖ ០១០ ៧០៦ ៦៥៥ / ០៥២ ៧៤០ ២៧៧
 • អ៊ីម៉ែល៖ jc_pursat@nea.gov.kh

ជាមួយគ្នានេះ ភាគីពាក់ព័ន្ធចំនួន ០៣ សំខាន់ៗ ដែល ទ.ជ.ម.ក ចាត់ជាក្រុមគោលដៅសំខាន់ក្នុងការផ្ដល់សេវារបស់ខ្លួន នោះគឺ៖

ក. អ្នកស្វែងរកការងារធ្វើ នឹងទទួលបានសេវា៖

 • ការចុះឈ្មោះស្វែងរកការងារធ្វើ និងផ្សព្វផ្សាយប្រវត្តិរូបសង្ខេប(CV)
 • ការទទួលបានព័ត៌មានជ្រើសរើសបុគ្គលិក ព័ត៌មានអាហារូបករណ៍ និងព័ត៌មានអប់រំបណ្ដុះបណ្ដាល
 • ការជួយស្វែងរកការងារធ្វើ តាមរយៈការផ្គូផ្គង និងបញ្ជូនទៅឱ្យនិយោជក
 • ការទទួលបានការណែនាំអំពីអាជីព ការរៀបចំខ្លួនសម្រាប់ឈានចូលទីផ្សារការងារ
 • ការប្រឹក្សាយោបល់អំពីអាជីព ជំនាញ និងការវាយតម្លៃអំពីលទ្ធភាពទទួលបានការងារ
 • ការទទួលបាននូវព័ត៌មានទីផ្សារការងារទូទៅ
 • ការជួយស្វែងរកកន្លែងធ្វើកម្មសិក្សា សិក្ខាសាលាណែនាំអំពីអាជីព និងវេទិកាការងារ

ខ. និយោជក នឹងទទួលបានសេវា៖

 • ការផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិក
 • ការផ្តល់ធនាគារទិន្នន័យអំពីអ្នកស្វែងរកការងារធ្វើគ្រប់ប្រភេទ
 • ការផ្គូផ្គង និងបញ្ជូនបេក្ខជនស្វែងរកការងារធ្វើ ដែលបានជ្រើសសម្រាំង
 • ការផ្តល់ទីតាំងការិយាល័យសម្រាប់សម្ភាសជ្រើសរើសបុគ្គលិក
 • ការចុះជួបនិយោជកផ្ទាល់ដើម្បីប្រមូលព័ត៌មានជ្រើសរើសបុគ្គលិក
 • ការទទួលបានការណែនាំអំពីការជ្រើសរើសបុគ្គលិក
 • ការទទួលបានព័ត៌មានបណ្តុះបណ្តាលសម្រាប់បង្កើនជំនាញសមស្របដល់បុគ្គលិក
 • ការទទួលបានឱកាសចូលរួមព្រឹត្តិការណ៍ជ្រើសរើសបុគ្គលិក
 • ការទទួលបាននូវព័ត៌មានទីផ្សារការងារទូទៅ

គ. អ្នកផ្ដល់ការអប់រំបណ្ដុះបណ្ដាល នឹងទទួលបានសេវា៖

 • ផ្សព្វផ្សាយនូវកម្មវិធី និងវគ្គអប់រំបណ្តុះបណ្តា
 • ការជួយស្វែងរកការងារធ្វើ និងកន្លែងធ្វើកម្មសិក្សាសម្រាប់សិស្ស-និស្សិត
 • ការផ្តល់ព័ត៌មានទីផ្សារការងារ សម្រាប់ការរៀបចំ និងអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលស្របតាមតម្រូវការ
 • ការណែនាំអំពីអាជីព និងមុខរបរសម្រាប់សិស្ស-និស្សិត
 • ការទទួលបាននូវព័ត៌មានទីផ្សារការងារទូទៅ